មនុស្សរាប់ពាន់នាក់ ភៀសខ្លួនចេញពីទឹកជំនន់ នៅឥណ្ឌូនេស៊ី
ហ្សាការតា៖ យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយខេត្ត អាឆេខាងជើង បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥,០០០នាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយស្នាក់នៅក្នុងទីជម្រកបណ្តោះអាសន្ន។
ការបង្ខំចិត្តភៀសខ្លួនរបស់ប្រជាជនឥណ្ឌូនេស៊ី កើតឡើងស្របពេលដែលភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្ទះសម្បែង និងទីកន្លែងសាធារណៈនៅទីក្រុង ឡុកស៊ូខន ខេត្ត អាឆេ ដែលប៉ះពាល់ដល់អ្នកស្រុកជាង ៤០,០០០នាក់។
អាជ្ញាធរឥណ្ឌូនេស៊ីនិយាយថា ស្ថានភាពទឹកជំនន់ ឥឡូវនេះស្ថិតក្នុងគ្រាអាសន្ន ពីព្រោះស្ទើរតែគ្រប់ស្រុកទាំងអស់ បានរងផលប៉ះពាល់ ហើយកម្ពស់ទឹកបន្តកើនឡើង ជាពិសេសនៅទីក្រុង Lhoksukon ជាក្រុងមានកម្ពស់ទឹកកើនឡើងដល់ ១,៧ម៉ែត្រ។
ជាការឆ្លើយតប អាជ្ញាធរបានបញ្ជាក់ថា យើងនឹងបន្តរៀបចំតង់សម្រាប់ប្រជាជនភៀសខ្លួនស្នាក់នៅជាបណ្ដោះអាសន្ន ពីព្រោះអ្វីដែលប្រជាពលរដ្ឋរងគ្រោះត្រូវការជាបន្ទាន់នាពេលនេះ នោះគឺស្បៀងអាហារ និងទីកន្លែងជ្រកកោណ។
មូលហេតុកើតមានគ្រោះមហន្តរាយខាងលើនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់មិនឈប់រយៈពេល២ថ្ងៃ ដែលបណ្តាលឱ្យទឹកទន្លេចំនួន៣ ជន់លិចផ្ទះសម្បែងរបស់អ្នកស្រុក។ គិតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ ឬបាត់ខ្លួន ក៏ដូចជាទំហំនៃការខូចខាត បង្កឡើងពីគ្រោះទឹកជំនន់នៅឡើយទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


