សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជប៉ុន បានរួមចំណែកច្រើនណាស់ដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងរយៈពេល ៧០ឆ្នាំ នៃទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ជប៉ុនបានរួមចំណែកច្រើនណាស់ដល់ការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងរយៈពេល ៧០ឆ្នាំ នៃទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ។ នេះជាការលើកឡើងរបស់របស់សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែផ្តល់ជំនួយដល់កម្ពុជា ។ សម្តេច បន្តថា តាមពិតជប៉ុន មានទំនាក់ទំនងជាមួយកម្ពុជាប្រមាណជា៤រយឆ្នាំមកហើយ តែទំនាក់ទំនងមានដាច់ៗដោយសារតែសង្រ្គាម ជាពិសេសរបបប៉ុល ពត ។ សម្តេចបានបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំខួប៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រយៈពេល៧០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជប៉ុន បានរួមចំណែកច្រើនណាស់ដល់ការអភិវឌ្ឍន៍នៅកម្ពុជា។

សម្ដេចធិបតី មានប្រសាសន៍បន្តថា ក្នុងចំណោមសមិទ្ធផលជាង ៧០ គម្រោងដែលបានធ្វើឡើងនៅកម្ពុជាកន្លងមកនេះ ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ខណៈការសម្ពោធសមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក៏ជាសមិទ្ធផលថ្មីមួយទៀត នៃខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំកម្ពុជា-ជប៉ុន មុនបំណាច់ឆ្នាំសាកលឆ្នាំនេះ ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ជាការគ្រប់គ្រងទឹកកខ្វក់មួយដ៏ពិសេស ហើយកាន់តែពិសេសបន្តទៅមុខ ។ សម្តេចថា តំបន់ជើងឯកក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានប៉ុល ពត យកពលរដ្ឋខ្មែរប្រមាណ ២ម៉ឺននាក់ ពីគុកទួលស្លែង មកសំលាប់នៅបឹងជើងឯក ។ សម្តេច បានបញ្ជាក់ថា តែបច្ចប្បន្ន តំបន់នេះជាតំបន់មានការអភិវឌ្ឍ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ផលលាភដែល ពលរដ្ឋខ្មែរ យើងទទួលបានថ្ងៃនេះដោយសារសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ កាលពី២៥ឆ្នាំ ។ ជាមួយគ្នានេះ សម្តេច ក៏បានថ្លែងពីការប្តេជ្ញាចិត្តក្នុងការ រក្សាឱ្យបានសុខសន្តិភាព ដើម្បីបម្រើដល់ការងារអភិវឌ្ឍបន្តទៀត ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner