សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការអភិវឌ្ឍដែលទទួលបានក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារតែសន្តិភាព
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាម ៥០០ឆ្នាំនៃកម្ពុជា ត្រូវបានបញ្ចប់មែន ប៉ុន្តែស្លាកស្នាមនៅតែមានលើទឹកដីរបស់កម្ពុជានៅឡើយ ខណៈការអភិវឌ្ឍដែលទទួលបានក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារតែសន្តិភាព ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា កន្លែងដែលកំពុងឈរនេះ កាលពីជាង ៤០ឆ្នាំមុន គឺជាកន្លែងកប់ខ្មោចដ៏ធំក្រោមរបបខ្មែរក្រហម ។ សម្ដេចថា ប្រវត្តិសាស្ត្រនៃការឈឺចាប់ វានៅតែដិតតាមនៅកម្ពុជា ហើយត្រូវតែចងចាំថា នឹងមិនត្រូវឲ្យមានរឿងបែបនេះកើតឡើងម្ដងទៀតនោះទេ ។

សម្ដេចបានបន្តថា ការបាត់បង់ពលរដ្ឋខ្មែរជាច្រើនលាននាក់នៅក្នុងរបបខ្មែរក្រហម វាកើតឡើងចេញពីរដ្ឋប្រហារឆ្នាំ១៩៧០ ដែលធ្វើឲ្យខ្មែរក្រហមកាន់តែមានឥទ្ធិពល និងទទួលជោគជ័យជម្នះនៅឆ្នាំ១៩៧៥ ។
សម្ដេចធិបតី បានរំលឹកថា ការអភិវឌ្ឍដែលទទួលបានក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារតែសន្តិភាពដែលបានខិតខំថែរក្សាតាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន ដែលត្រូវការពារសុខសន្តិភាពឱ្យបាន ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្ងៃមុនមានគេលើកយោបល់ឱ្យខ្ញុំថា គួរតែមានទិវាមួយ គឺទិវាសន្តិភាព ។ ខ្ញុំថា មិនចាំបាច់មានទិវាសន្តិភាពទេ ទិវាដែលនាំឲ្យមានការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមទឹកដីនោះហើយ គឺជាទិវាសន្តិភាព ។
សម្តេចធិបតី បន្ថែមថា ៥០០ឆ្នាំ ដែលមានការបែកបាក់គ្នា កាប់ចាក់គ្នា មកកាន់ប្រទេសមួយសន្តិភាព និងការបង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍ អញ្ចឹងផលលាបដែលយើងបាននៅថ្ងៃនេះ គឺរស់រវើក ហើយបានដោយសារសន្តិភាពពេញលេញ ២៥ឆ្នាំកន្លងមកនេះ។ ដូច្នេះយើងត្រូវការពារសន្តិភាពឱ្យបាន ដើម្បីកុំឲ្យវាវិលទៅរកអតីតកាលពី ៤០ឆ្នាំមុន ៕


អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ