កសិករខេត្តបាត់ដំបង៖ ការដាំដំណាំគម្របដី ជួយបង្កើនទិន្នផលខ្ពស់ គុណភាពដីល្អ និង ជួយដល់បរិស្ថាន
ខេត្តបាត់ដំបង៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបន្ទាប់ពីការផ្លាស់ប្តូរមកធ្វើដំណាំគម្រប ដី បន្ថែមលើការដាំដំណាំវិលជុំនោះធ្វើឱ្យកសិករជាច្រើនគ្រួសារ រស់នៅខេត្តបាត់ដំបង អាចរកប្រាក់ចំណូលបន្ថែម និងក្រៅពីនេះនៅជួយបង្កើតគុណភាពដីរបស់ពួកគាត់កាន់តែល្អឡើងដោយមិនចាំបាច់ប្រើជីគីមីដូចកាលពីមុនទៀតឡើយ ។
លោក លឹម សុខុម ជាកសិកររស់នៅក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានឲ្យដឹងថា៖ក្រោយពីការយល់ដឹងពីតម្លៃដំណាំគម្របដីធ្វើឱ្យជីវភាពរបស់គាត់ល្អប្រសើរជាងមុនដោយសារគាត់អាចរកប្រាក់ចំណូលបន្ថែមរៀងរាល់ឆ្នាំ។ សព្វថ្ងៃគាត់ក្រៅពីបានដាំដំណាំវិលជុំ ដូចជាពោត សណ្តែក ដំឡូង ហើយគាត់នៅដាំណាំគម្របដី មានដូចជា សង្ក្រងស្វាស្លឹកតូច ស្លឹកធំ ស្នោជាដើម ។
លោកធ្វើការពន្យល់ថា៖” យើងដាំពោតរួចហើយ បានយើងដាំដំណាំគម្របដី អញ្ចឹងដំណាំគម្របដីមានរយៈពេល២ខែជាង ទើបយើងប្រមូលផល ដូច្នេះមួយឆ្នាំយើងប្រមូលបាន ២ដងដែរ” ។
លោកបានឱ្យដឹងបន្ថែមថា ការដាំដំណាំគម្របដី បានជួយដល់គុណភាពដី ប្រៀបដូចជាជី ពោលគឺនៅពេលដាំដំណាំគម្របដីរួច ដាំណាំផ្សេងទៀតធ្វើឲ្យដំណាំលូតលាស់បានល្អលឿនណាស់ ។
លោកបានបញ្ជាក់ថា៖”ការដាំដំណាំទាំងវិលជុំ និង ដំណាំគម្របដីក្នុង ១ឆ្នាំអាចរកប្រាក់ចំណូលចាប់ពី ២ ទៅ ៣ម៉ឺនដុល្លារ តែការចំណាយទៅវិញក៏ច្រើនដែរ”។ បើតាមកសិកររូបនេះ បានឲ្យដឹងថា គាត់ដាំដំណាំលើផ្ទៃដីចំនួន ១០ហិកតា ដោយក្នុងមួយហិកតា អាចទទួលបានទិន្នផលចន្លោះពី ៧ ទៅ ៨តោន ។
ជាមួយគ្នានេះ លោក ច្រឹង គី កសិករមួយរូបទៀតបានឱ្យដឹងថា៖ការដាំដំណាំគម្របដីនេះល្អណាស់ ។ វាធ្វើឱ្យដីធូរ ដីមានជីជាតិល្អជាងមុនឆ្ងាយណាស់ ។ កាលពីលោកមិនទាន់ដាំដំណាំគម្របដីក្នុងមួយហិកតាការដាំពោត ដំឡូង របស់លោកមួយហិកតាបានផលត្រឹមតែ ៣កន្លះឬ៤ហិកតា។ បន្ទាប់ពីអនុវត្តដាំដំណាំគម្របដីមកទិន្នផលពោតសណ្តែករបស់លោកកើនឡើងរហូតដល់៧ហិកតាឬពេលខ្លះរហូតដល់៨តោនក្នុងមួយហិកតាទៀតផង។
ចំណែក លោក លាង សំរិត បុគ្គលិកនៃសកលវិទ្យាល័យជាតិបាត់ដំបង និងជាអ្នកគ្រប់គ្រងគម្រោង «ការវិនិយោគលើការគ្រប់គ្រងសារធាតុសរីរាង្គក្នុងដី ដើម្បីនិរន្តរភាព នៃការធ្វើកសិកម្មនៅតំបន់ខ្ពង់រាប (ISOC project)» ដែលគម្រោងនេះ ទទួលបានមូលនិធិគាំទ្រការអនុវត្តន៍ពីកម្មវិធីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ របស់ក្រសួងបរិស្ថាន បានលើកឡើងថា ការអនុវត្តកសិកម្មអភិរក្ស ដោយការកាត់បន្ថយការភ្ជួររាស់ដី និងការដាំណាំគម្របដី បានជួយកែលម្អគុណភាពដីដែលធ្វើឲ្យដំណាំទទួលបានទិន្នផលខ្ពស់ និងកាត់បន្ថយការលេចចេញនៃឧស្ម័នផ្ទះកញ្ចប់ពីដីទៅបរិយាកាសផងដែរ ។
បើតាមលោក ស វ៉េង ទីប្រឹក្សាផ្នែកបច្ចេកទេស នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម នៅកម្ពុជា ស្ថិតក្នុងការគ្រប់គ្រងនាយករដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនៃអគ្គនាយករដ្ឋានកសិកម្ម បានឱ្យដឹងថាដំណាំគម្របដីមិនត្រឹមតែជាដំណាំមួយដែលផ្តល់នូវផលល្អទាំងគុណភាពដី បរិស្ថាននិងបង្កើនប្រាក់ចំណូលដល់កសិករទេ ប៉ុន្តែកសិកដែលដាំដំណាំគម្របដី នូវបានទទួលផលចំណេញ និងទាំងការ ជួយការពារសំណឹកដី កម្ចាត់ស្មៅ កម្ចាត់សត្វល្អិត និងជំងឺផ្សេងៗ ពង្រឹងសុខភាពជីវៈចម្រុះរបស់ដីកសិកម្មទៀតផង ៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ គ្រី សម្បត្តិ











