កូរ៉េខាងត្បូងដាក់ទណ្ឌកម្មប្រមុខចារកម្មកូរ៉េខាងជើង

សេអ៊ូល៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានលើកឡើងថា កូរ៉េខាងត្បូងបានដាក់ទណ្ឌកម្មប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងជើង ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារតាមអ៊ីនធើណិតខុសច្បាប់។

ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក រី ឆាងហូ ដែលជាប្រធានការិយាល័យត្រួតពិនិត្យទូទៅរបស់កូរ៉េខាងជើង បានជាប់ទណ្ឌកម្ម ទាក់ទិននឹងការស្វែងរកប្រាក់ពីបរទេស តាមរយៈសកម្មភាពវាយប្រហារតាមអ៊ីនធើណេតខុសច្បាប់ និងការលួចបច្ចេកវិទ្យា។

ក្រសួងបន្តថា សកម្មភាពរបស់លោក រី បានរួមចំណែករកប្រាក់ចំណូលជួយដល់របបដឹកនាំលោក គីម ជុងអ៊ុន និងមូលនិធិអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

រួមជាមួយនឹងលោក រី កូរ៉េខាងត្បូងក៏បានដាក់ទណ្ឌកម្មបុគ្គលកូរ៉េខាងជើងចំនួន៧រូបផ្សេងទៀត រួមទាំងអតីតអ្នកការទូតកូរ៉េខាងជើងប្រចាំប្រទេសចិន លោក យន់ ឆុល ពីបទជាប់ពាក់ព័ន្ធក្នុង “ពាណិជ្ជកម្មលីចូម-៦ ដែលជាសារធាតុរ៉ែទាក់ទងនឹងនុយក្លេអ៊ែរ រួមទាំងសម្ភារៈដែលអង្គការសហប្រជាជាតិដាក់ទណ្ឌកម្ពលើកូរ៉េខាងជើង”។

បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង គិតមកទល់ពេលនេះ កូរ៉េខាងត្បូងបានដាក់បញ្ចូលបុគ្គលចំនួន ៨៣នាក់ និងអង្គភាពចំនួន ៥៣ ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ជាប់ពាក់ព័ន្ធនឹងកម្មវិធីសព្វាវុធរបស់កូរ៉េខាងជើង ចាប់តាំងពីខែតុលា ឆ្នាំ២០២២៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner