សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា មិនបានទៅខ្ចីលុយចិន សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ នោះទេ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនបានទៅខ្ចីលុយពីរដ្ឋាភិបាលចិន សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ នោះទេ ពោលគម្រោងនេះ រាជរដ្ឋាភិបាល ឱ្យវិស័យឯនជនវិនិយោគ ដោយអនុវត្តតាម BOT គឺកសាងប្រតិបត្តិការ និងផ្ទេរ ។
សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះបន្ទាប់ពីមានសារព័ត៌មានមួយ បានលើកឡើងថា គម្រោងព្រែកជីកហ្វូណន បានខ្ចីលុយចិនចំនួន ៥០០០លានដុល្លារមកសាងសង់។ សម្ដេចបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន គឺមិនមែនខ្ចីលុយគេ មកធ្វើទេ គឺជាគម្រោងវិនិយោគដោយក្រុមហ៊ុនឯកជន តាមរូបមន្ត BOT (សាងសង់ សាជីវកម្ម និងផ្ទេ) ។ សម្តេច ថា គោលដៅដែលសម្តេចតបតនៅថ្ងៃនេះ គឺដើម្បីបំភ្លឺជូនប្រជាពលរដ្ឋ និងដើម្បីការពារមន្រ្តីរបស់សម្តេចដែលបានខិតខំធ្វើការបំរើជាតិ ដែលសម្តេចត្រូវចេញមុខការពារពួកគាត់ ។
សម្តេចធិបតី បានបន្តថា គេយកប្រភពពីមន្រ្តី ជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា រាជរដ្ឋាភិបាល ខ្ចីលុយចិន មកសាងសង់ព្រែកជីកហ្វូណន ដែលជាគម្រោងឥតប្រយោជន៍ ។ សម្តេច ថា រឿងការបញ្ចេញទស្សនៈជារឿងមួយ តែរឿងប្រឌិត គឺជារឿងបាប ហើយនេះជារឿងចិត្តសាស្រ្តមួយ តែចិត្តសាស្រ្តនេះ គឺធ្វើដើម្បីបោកប្រជាពលរដ្ឋ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ហើយថា គម្រោងព្រែកជីកហ្វូណននេះ គឺមិនមែនខ្ចីលុយគេ មកធ្វើទេ គឺជាគម្រោងវិនិយោគដោយក្រុមហ៊ុនឯកជន ដោយអនុវត្តតាម BOT គឺសាងសង់ សាជីវកម្ម និងផ្ទេរ ។
សម្តេចបញ្ជាក់ទៀតថា ការខ្ចីបំណុល គឺជាកាតព្វកិច្ចរបស់យើង ក្នុងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋរបស់យើង ហើយយើងមិនមែនចេះតែខ្ចីនោះទេ គឺយើងមានច្បាប់របស់យើង គឺខ្ចីកម្រិតណា ដែលអាចទ្រទ្រង់សេដ្ឋកិច្ចខ្លួនបាន ហើយខ្ចីមក ដើម្បីអភិវឌ្ឍន៍ជាតិ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ការយកប្រភពមន្ត្រីជាន់ខ្ពស់មិនបញ្ចេញឈ្មោះរបស់ក្រសួងសេដ្ឋកិច្ច មកអះអាង វាគឺជាចិត្តសាស្រ្តរបស់ពួកប្រឆាំង ។ សម្តេច មិនជឿថា មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាមន្ត្រីជាន់ខ្ពស់ ជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ ល្ងង់រហូតដល់មិនដឹងថា វាជាប្រាក់កម្ចី ឬប្រាក់ហិរញ្ញប្បទាននោះទេ ។ សម្តេចមិនជឿថា មានមន្ត្រីយើងល្ងង់ រហូតដល់ថ្នាក់នេះទេ ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ