សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គម្រោងព្រែកជីកហ្វូណន ជាគម្រោងដែលរាជរដ្ឋាភិបាល ទាំងអាណត្តិទី៦ និងទី៧នេះ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឱ្យលេចរូបរាងឡើង

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោងព្រែកជីកហ្វូណន ជាគម្រោងដែលរាជរដ្ឋាភិបាល ទាំងអាណត្តិទី៦ និងទី៧នេះ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឱ្យលេចរូបរាងឡើង សំដៅពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ចជាតិ ។ សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងដែលរាជរដ្ឋាភិបាលទាំងអាណត្តិទី៦ និងទី៧នេះ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឱ្យលេចរូបរាងឡើង សំដៅពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ចជាតិ ។

សម្តេច ថា ការចរចាគម្រោងព្រែកជីកហ្វូណន-តេជោនេះ គ្រាន់តែអ្នកសេដ្ឋកិច្ច អ្នកជំនាញកម្ពុជា ទាំងបរិស្ថាន ទាំងធនធានទឹក សុទ្ធតែមានជំនាញបទពិសោធន៍កម្រិតខ្ពស់ណាស់រួមគ្នាគិត ពិចារណា ទាំងអ្នកប្រឹក្សាយោបលបរទេសផ្សេងៗ ដើម្បីពិនិត្យមើលថា តើគម្រោងនេះ ចំណេញឬអត់ គម្រោងនេះប៉ះពាល់ធនធានទឹក ប៉ះពាល់ប្រជាជន ប៉ះពាល់ទន្លេមេគង្គឬអត់ ខួរក្បាលគេខំគិតណាស់ ខំចរចាណាស់ ទម្រាំបាន ។

សម្ដេចធិបតីបានបន្តថា ត្រូវការពារអ្នកទាំងអស់នោះ មន្ត្រីទាំងអស់នោះ ថា តើគាត់ជាអ្នកក្បត់ជាតិទេ? យកលុយមកដើម្បីបំផ្លាញឬទេ? គឺអត់ទេ មន្ត្រីទាំងអស់នោះ មានឯកឧត្តម ស៊ុន ចាន់ថុល មន្ត្រីក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច សម្តេចតេជោ កាលពីអាណត្តិមុន ខិតខំបម្រើជាតិ ខ្ញុំត្រូវចេញការពារនូវភាពត្រឹមត្រូវរបស់គាត់ ដែលខ្ញុំ ត្រូវបំភ្លឺ ដើម្បីឱ្យប្រជាពលរដ្ឋយើងបានយល់ដឹងថា មន្ត្រីរបស់រាជរដ្ឋាភិបាល ទាំងអាណត្តិទី៦ និងអាណត្តិទី៧នេះ មិនធ្វើអ្វីដែលមិនទទួលខុសត្រូវ និងមិនធ្វើអីដែលបំផ្លាញជាតិនោះទេ តែផ្ទុយទៅវិញគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ រួមទាំងការកសាងព្រែកជីកនេះផង ។

សូមជម្រាបថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយរបស់កាសែតឌឹខេមបូឌាដេលី ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ។ សារព័ត៌មានេះបានចុះផ្សាយថា មានមន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០ លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ ទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់លានដុល្លារ ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា»។ ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការច្រានចោលនូវព័ត៌មាននេះ ដោយសារជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន ។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនស្ថិតនៅក្នុងបញ្ជីកម្មវិធី/គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣ និង២០២៤ នៃច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និង២០២៤ ក្រោមក្របខណ្ឌនៃការខ្ចីពីដៃគូអភិវឌ្ឍន៍ទេ ព្រោះគម្រោងនេះ នឹងត្រូវអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យបន្តរៀបចំអភិវឌ្ឍតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships – PPP) ឬតាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផេ្ទរ (BOT) ដែលទម្រង់នេះក៏ត្រូវបានអនុវត្តដោយប្រទេសជាច្រើន នៅលើពិភពលោក ហើយជាក់ស្ដែងនៅកម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានអនុវត្តតាមរូបភាពនេះ ដោយជោគជ័យរួចមកហើយ។

ក្រសួងបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនខ្ចីបំណុលពីចិន សម្រាប់អភិវឌ្ឍគម្រោងនេះឡើយ ហើយភាគីដៃគូឯកជនមានកាតព្វកិច្ចទទួលខុសត្រូវ លើរាល់ចំណាយពាក់ព័ន្ធនឹងការរៀបចំសិក្សា សមិទ្ធិលទ្ធភាពគម្រោង និងធ្វើការស្វែងរកទុនវិនិយោគ សម្រាប់ហិរញ្ញប្បទាន ដើម្បីរៀបចំអភិវឌ្ឍគម្រោង នេះដោយដៃគូឯកជនផ្ទាល់ និងមិនទទួលបានការផ្តល់នូវការធានាពីរដ្ឋចំពោះគម្រោងនេះទេ។

ក្រសួងសង្កត់ធ្ងន់ថា ឆ្លងតាមការចុះផ្សាយព័ត៌មានរបស់កាសែតឌឹខេមបូឌាដេលី បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីចេតនាទុច្ចរិត ផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្មានប្រភពបញ្ជាក់ច្បាស់លាស់ ក្នុងគោលដៅបង្កើតការយល់ច្រឡំ និងបំភាន់មតិសាធារណជន ដើម្បីបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ឬនិន្នាការនយោបាយជ្រុលនិយមណាមួយប៉ុណ្ណោះ ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner