សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីការជួបប្រជុំជាមួយ រដ្ឋមន្ត្រីសុខាភិបាល ដើម្បីពង្រឹងសេវាព្យបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីការជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីធ្វើការពង្រឹងសេវាព្យបាបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រោះសម្ដេច ចង់ឱ្យការព្យាបាលនៅមន្ទីរពេទ្យជាជំរើសចុងក្រោយសំរាប់ប្រជាពលរដ្ឋ ដោយប្តេជ្ញាធ្វើឱ្យពលរដ្ឋមានសុខភាពល្អ អាហាររូបត្ថម្ភគ្រប់គ្រាន់ ។

សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ ថ្លែងពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺចង់ឱ្យការព្យាបាលនៅមន្ទីរពេទ្យ ជាជំរើសចុងក្រោយសំរាប់ប្រជាពលរដ្ឋ ដោយប្តេជ្ញាធ្វើឱ្យពលរដ្ឋមានសុខភាពល្អ ជីវភាពកើនឡើង មានអាហាររូបត្ថម្ភគ្រប់គ្រាន់។

សម្តេចធិបតី បានលើកឡើងថា សុខភាពប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់។ សម្តេច ថា ខ្ញុំបានទទួលជួបប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា និងក្រុមការងារ ពិភាក្សាអំពីការខិតខំយកចិត្តទុកដាក់បំរើដល់សុខមាលភាពពលរដ្ឋ ជាពិសេស ពង្រឹងវិធានគន្លឹះ ក្នុងការពង្រឹងវិស័យសុខាភិបាលមូលដ្ឋាន ពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែកម្រិត១ កម្រិត២ និងកម្រិត៣ រៀបចំជាផែនការសកម្មភាពដើម្បីដាក់ឱ្យអនុវត្ត ធ្វើយ៉ាងណាជំរុញការរៀបចំមណ្ឌលសុខភាពពេទ្យបង្អែកឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យសម្ភារ និងថ្នាំឱ្យកាន់តែមានគុណភាពល្អប្រសើរ ។

សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានគិតគូខ្ពស់ចំពោះសុខមាលភាពពលរដ្ឋ គិតតាំងពីអាហារូបត្ថម្ភគ្រាប់គ្រាន់ លើកកម្ពស់ជីវភាព និងប្រាក់ចំណូលផងដែរ ។ សម្តេច ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញ គឺផ្តោតទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធជំនួយគាំពារសង្គម និងការពង្រឹង និងបង្កើនកម្រិតសមត្ថភាពក្នុងការព្យាបាលជូនពលរដ្ឋ។ តែយ៉ាងណា ការងារអាទិភាពដែលរាជរដ្ឋាភិបាល ត្រូវអនុវត្តនោះគឺការជួយឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានកំណើន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ដំណាក់សំខាន់បំផុត ដែលរាជរដ្ឋាភិបាល ត្រូវធ្វើយ៉ាងម៉េចបង្ការការឈឺស្កាត់របស់ប្រជាពលរដ្ឋ គឺធ្វើយ៉ាងម៉េច ខិតខំបង្កើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនចំណូលជូនពលរដ្ឋ ដើម្បីឱ្យអាហារូបត្ថម្ភដល់ពលរដ្ឋបានល្អ ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner