ទូតរុស្ស៊ីប្រចាំកម្ពុជា៖ រុស្ស៊ីជាប់ចំណាត់ថ្នាក់ទី៥លើពិភពលោក ទាក់ទងនឹងយុគភាពអំណាចទិញ

ភ្នំពេញ៖ រុស្ស៊ីនៅតែជាប្រទេសដែលរក្សាបាននូវលំនឹងសេដ្ឋកិច្ច រហូតជាប់ចំណាត់ថ្នាក់ទី៥ លើពិភពលោកទាក់ទងនឹងយុគភាពអំណាចទិញ បើទោះបីជារងការដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន ពីបណ្ដាប្រទេសធំៗ ជាពិសេសលោកខាងលិចក៏ដោយ នេះបើតាមការអះអាងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា។

ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី២៦ ខែធ្នូនេះថា ទោះបីជាមានទណ្ឌកម្មក៏ដោយ រុស្ស៊ីបានឡើងដល់ចំណាត់ថ្នាក់ទី៥នៅលើពិភពលោកទាក់ទងនឹងយុគភាពអំណាចទិញ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥.៣៣ទ្រីលានដុល្លារ។ ឯកឧត្តមបន្តថា បណ្តាប្រទេសដែលបានប្រឆាំងនឹងរុស្ស៊ី កំពុងព្យាយាមប្រើមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសរុស្ស៊ីនៅភាពឯកោ ប៉ុន្តែផ្ទុយទៅវិញ បំណងរបស់បណ្ដាប្រទេសទាំងនេះ ត្រូវបានបរាជ័យ ដោយសមាហរណកម្មនៅក្នុងក្របខ័ណ្ឌនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលរុស្ស៊ីធ្វើជាប្រធាន នៅឆ្នាំ២០២៣នេះ កំពុងមានលក្ខណៈកាន់តែស៊ីជម្រៅ។

ឯកឧត្តមបន្ថែមថា ក្នុងបរិបទពិភពលោកសព្វថ្ងៃ រុស្ស៊ីកំពុងបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយដៃគូនានា រួមទាំងបន្តការងារក្នុងវេទិកាពហុភាគីជាច្រើន ជាអាទិ៍ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី អង្គការនៃសន្ធិសញ្ញាសន្តិសុខសមូហភាព សហគមន៍រដ្ឋឯករាជ្យ អង្គការសហប្រតិបត្តិការសៀងហៃ វេទិកា BRICS ក្រុមប្រទេស G20 យន្តការអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាផ្សេងៗទៀត។

ឯកឧត្តមបានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុបនៃបណ្តាប្រទេសជាសមាជិក BRICS តាម យុគភាពអំណាចទិញ ក្នុងឆ្នាំ២០២១ បានលើសបណ្តាប្រទេសក្រុម G7។ ឯកឧត្តមថា រុស្ស៊ីបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយគ្រប់ប្រទេសទាំងអស់នៃតំបន់អឺរ៉ាស៊ី ដើម្បីការបង្កើតមហាលំហរអឺរ៉ាស៊ី។
បើតាមឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ក្នុងឆ្នាំ២០២៤ រុស្ស៊ីនឹងក្លាយជាប្រធាន BRICS ដែលក្រុមប្រទេស BRICS គឺជាផ្នែកមួយនៃសសរស្ដម្ភគាំទ្រនៃសណ្ដាប់ធ្នាប់ពិភពលោកពហុប៉ូល ដែលកំពុងត្រូវបានបង្កើតឡើង ហើយរុស្ស៊ី នឹងជួយសម្រួលដល់ការធ្វើសមាហរណកម្មដោយរលូន នៃអ្នកចូលរួមថ្មី ទៅក្នុងរចនាសម្ព័ន្ធការងាររបស់ BRICS នេះ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner