វិមានឈ្នះ ឈ្នះ សង់ឡើងមិនមែនដើម្បីលើកតម្កើងក្រុមណា ឬអ្នកណាមួយទេ តែគឺដើម្បីបង្ហាញពីដំណើរការស្វែងរកសន្តិភាព លើទឹកដីកំសត់មួយនេះ
ភ្នំពេញ៖ វិមានឈ្នះ ឈ្នះ សង់ឡើង មិនមែនដើម្បីលើកតម្កើងក្រុមណា ឬអ្នកណាមួយទេ តែគឺដើម្បីបង្ហាញពីដំណើរការស្វែងរកសន្តិភាព លើទឹកដីកំសត់មួយនេះ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក្នុងពិធីអបអរសាទរ ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងសម្រេចបានសមិទ្ធផលជាច្រើនថ្មីៗនេះ ហើយជាពិសេសគឺសមិទ្ធផលវិមានឈ្នះ ឈ្នះ ដែលជាការបង្ហាញយ៉ាងច្បាស់ នូវអត្ថន័យ នៃនយោបាយឈ្នះ ឈ្នះ ព្រមទាំងការជីកកកាយ និងបង្ហាញទិដ្ឋភាពដំណើររឿងប្រវត្តិសាស្ត្រទាំងអស់ឲ្យក្លាយទៅជាអត្តសញ្ញាណ នៃដួងព្រលឹងជាតិ និងជានិមិត្ត នៃការរួបរួមសាមគ្គី ការអភិវឌ្ឍ និងជាមេរៀនជាក់ស្ដែង ។
សម្តេចធិបតី បានបន្តថា សង្គ្រាម គឺជាអ្វីដែលយើងមិនចង់បាន ហើយយើងត្រូវតែការពារសន្តិភាពឱ្យបាន ។ សម្តេចថា ផលដែលបានពីនយោបាយឈ្នះឈ្នះ គឺបានទាំងអស់។ វិមានឈ្នះឈ្នះ គឺជានិមិត្តរូបនៃខ្មែរទាំងអស់គ្នា និងឱ្យកូនខ្មែរចង់ចាំអំពីតម្លៃនៃសន្តិភាព។
សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា វិមានឈ្នះឈ្នះ សង់ឡើង មិនមែនដើម្បីលើកតម្កើងក្រុមណា ឬអ្នកណាមួយទេ តែគឺដើម្បីបង្ហាញពីដំណើរការស្វែងរកសន្តិភាព លើទឹកដីកំសត់មួយនេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះ ទាំងអស់ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងថវិកាក្នុងការកសាងសង់ នូវវិមានឈ្នះ ឈ្នះ ខណៈការចំណាយទាំងនេះគឺជាការបង្ហាញ នូវការសាមគ្គីគ្នាក្នុងការលើកកម្ពស់ និងការកសាងនូវមជ្ឈមណ្ឌល សម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តរបស់កម្ពុជា ទុកដល់កូនចៅជំនាន់ក្រោយ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ






