រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបជូនរដ្ឋសភា អំពីផែនការសកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងមហាផ្ទៃ ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤)។

ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ថ្លែងថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យសម្រេចតាមគោលបំណងរំពឹងទុកក្រសួងមហាផ្ទៃកំពុងរៀបចំផែនការយុទ្ធសាស្រ្តច្បាស់លាស់មួយសម្រាប់តម្រង់ទិសដល់ការអនុវត្តតួនាទីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ផ្តោតលើទិសដៅជាយុទ្ធសាស្រ្តចំនួន៦ដូចខាងក្រោម៖

យុទ្ធសាស្ត្រទី១: ការបន្តថែរក្សាសន្តិភាពដោយផ្តោតលើការពង្រឹងស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

យុទ្ធសាស្ត្រទី២: ការបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើការពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង មុខងារ និងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សា និងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គការសង្គមស៊ីវិល ដៃគូ អភិវឌ្ឍន៍ វិស័យឯកជន ការពង្រឹងការគាំទ្រ ការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃលើការបំពេញ ការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

យុទ្ធសាស្ត្រទី៣: ការលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ ដោយផ្តោតលើការពង្រឹងការគ្រប់គ្រង ពន្ធនាគារតាមស្តង់ដាដែលធានាឱ្យមានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ ការអភិវឌ្ឍ ជំនាញវិជ្ជាជីវៈដល់ជនជាប់ឃុំ និងការធ្វើសមាហរណកម្មជនដែលត្រូវបានដោះលែងទៅក្នុងសហគមន៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងការបំពាក់នូវឧបករណ៍សម្ភារឱ្យស្របតាមស្តង់ដាពន្ធនាគារ។

យុទ្ធសាស្រ្តទី៤: ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ដោយផ្តោតលើការធ្វើវិចារណកម្មមុខងាររចនាសម្ព័ន្ធស្ថាប័ន និងរបៀបរបបធ្វើការងាររបស់អង្គភាពនីមួយៗនៃក្រសួងមហាផ្ទៃ ការពង្រឹងការគ្រប់គ្រងបុគ្គលិកការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ការលើកកម្ពស់ការសិក្សាស្រាវជ្រាវលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ពន្ធនាគារការពង្រឹងការអនុវត្តការងារសវនកម្មផ្ទៃក្នុងការធ្វើអធិការកិច្ច និងដោះស្រាយបណ្តឹងក្នុងក្របខណ្ឌនៃដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ការពង្រឹងការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងក្របខណ្ឌនៃដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

យុទ្ធសាស្រ្តទី៥: ការជំរុញការងារបច្ចេកវិទ្យាឌីជីថល ដោយផ្តោតលើការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការលើកកម្ពស់ការស្រាវជ្រាវការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលបម្រើការងារលើកកម្ពស់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពជំនាញឌីជីថលការផ្សព្វផ្សាយអប់រំ និងការបញ្ញាចំណេះដឹង។

យុទ្ធសាស្ត្រទី៦: ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ដោយផ្តោតលើការកែលម្អយន្តការ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងក្របខណ្ឌក្រសួងមហាផ្ទៃការពង្រឹង និងការកែលម្អយន្តការនិងនីតិវិធីទទួលដោះស្រាយបណ្ដឹង និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋការពង្រឹងប្រសិទ្ធភាពសេវាសុខាភិបាល ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ សមាគម អង្គការមិនមែនរដ្ឋាភិបាល។

ក្រោយពីបានស្តាប់នៅសេចក្តីរាយការណ៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រួចមកឯកឧត្តមសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ហើយឯកឧត្តមមានជំនឿជឿជាក់ថាឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិតជាមានសមត្ថភាពដឹកនាំក្រសួងមហាផ្ទៃទទួលបានវឌ្ឍនភាពថ្មីៗបន្ថែមទៀតក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់អាទិភាពគន្លឹះទាំង៥នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាគឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» និងបន្តចូលរួមអនុវត្តកាន់តែសកម្ម និងរស់រវើកនូវគោលនយោបាយអភិវឌ្ឍន៍ក្នុងវិស័យការការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ទាំង១២ចំណុចក្នុងកម្មវិធីនយោបាយផងដែរ ៕

ប្រភព ៖ រដ្ឋសភាជាតិ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner