ចិនស្នើឱ្យពលរដ្ឋខ្លួន ចាកចេញពីតំបន់ព្រំដែនមីយ៉ាន់ម៉ា ព្រោះបញ្ហាអសន្តិសុខ
ប៉េកាំង៖ ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីសង្កាត់នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនប្រទេសជិតខាង ដោយសារហានិភ័យសន្តិសុខតានតឹងខ្លាំង ខណៈក្រុមចលនាប្រដាប់អាវុធភាគតិចបង្កើនការប្រយុទ្ធនឹងយោធារដ្ឋាភិបាល។
ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានបង្ហោះសារនៅលើបណ្តាញសង្គម WeChat ថា ជម្លោះនៅសង្កាត់ Laukkai នៃតំបន់ Kokang នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា កំពុងបន្តកើតមាន ហើយហានិភ័យសន្តិសុខបានបង្កឱ្យប្រជាជនជាច្រើនជាប់គាំងនៅទីនោះ។ ហេតុដូច្នេះហើយ ជាថ្មីម្តងទៀត ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានក្រើនរំលឹកដល់ប្រជាជនខ្លួននៅក្នុងសង្កាត់ Laukkai ចាកចេញពីទីនោះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះ ក្រសួងការបរទេសចិនបានពណ៌នាស្ថានភាពនៅតំបន់ Kokang ថា “ធ្ងន់ធ្ងរ និងស្មុគស្មាញ”។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ប្រទេសចិនតែងតែជឿជាក់ថា ការរក្សាបទឈប់បាញ់ និងកិច្ចចរចាសន្តិភាព គឺជាផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា កាលពីដើមខែនេះ ទីក្រុងប៉េកាំងនិយាយថា ខ្លួនបានសម្របសម្រួលកិច្ចចរចារវាងយោធា និងសម្ព័នភាពក្រុមប្រដាប់អាវុធជនជាតិភាគតិច ហើយបានឈានដល់កិច្ចព្រមព្រៀងមួយ សម្រាប់ “បទឈប់បាញ់បណ្តោះអាសន្ន”។
ប៉ុន្តែការប៉ះទង្គិចគ្នាបានបន្តកើតមាន នៅក្នុងផ្នែកខ្លះនៃរដ្ឋ Shan ជាមួយនឹងសមាជិកមួយក្រុមទៀតនៃសម្ព័ន្ធភាពនេះ គឺកងទ័ពរំដោះជាតិ Ta’ang ដែលអះអាងថា បានដណ្តើមកាន់កាប់ទីក្រុងចំនួនពីរបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




