លោកជំទាវ ម៉ែន នារីសោភ័គ សំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលី ចំនួន ២២នាក់
(ភ្នំពេញ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលី ក្រោយឧត្តមសិក្សា (Australia Awards Scholarship) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ ចំនួន ២២នាក់ ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ ។
លោកជំទាវអគ្គលេខាធិការស្តីទី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះក្មួយៗទាំងអស់ និងសូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី។ លោកជំទាវ បានគូសបញ្ជាក់ថា ៖ «ការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ នៅលើពិភពលោកនេះ មិនត្រឹមតែជាមោទកភាពសម្រាប់ខ្លួននិស្សិតនិងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទនភាពសម្រាប់សង្គមជាតិទាំងមូលផងដែរ។ ម្យ៉ាងវិញទៀត, ក្មួយនិស្សិតដែលទទួលបានអាហារូបករណ៍នាពេលនេះ ជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពក្នុងការកសាងមូលធនមនុស្សជាស្នូលដ៏សំខាន់។»

លោកជំទាវអគ្គលេខាធិការស្តីទី បានផ្តាំផ្ញើនិងលើកទឹកចិត្តក្មួយៗនិស្សិតទំាងអស់ខិតខំសិក្សារៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ មានវិន័យល្អក្នុងការរស់នៅនិងសិក្សា។ បន្ថែមពីនេះត្រូវចេះគោរពស្រឡាញ់គ្នា ចេះយកអាសារជួយទុក្ខធុរៈគ្នា ចេះលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមក ដូចពាក្យចាស់ថា «នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយតែមួយ»។ ជាមួយគ្នានេះ លោកជំទាវ បានលើកឡើងថាក្មួយៗនិស្សិតទំាងអស់ ជាតំណាងឱ្យជាតិខ្មែរទំាងមូល ដើរតួនាទីជាអ្នកការទូត ចូលរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន បង្កើនមិត្តភាពជាមួយប្រទេសដទៃ ក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ជាកិច្ចឆ្លើយតប តំណាងបេក្ខជនជ័យលាភីអាហារូកណ៍រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២៤ បានសម្តែងនូវក្តីសោមន្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវអគ្គលេខាធិការស្តីទី ដែលបានអនុញ្ញាតឱ្យបានជួបសម្តែងការគួរសម និងជ្រួតជ្រាបកាន់តែច្បាស់អំពីប្រវត្តិ និងសមិទ្ធផលរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជំរុញអភិវឌ្ឍស្ថាប័ន ក្នុងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីឱ្យសាខាកាកបាទក្រហមទាំង២៥មានភាពរឹងមាំ និងមានលទ្ធភាពក្នុងការជួយសម្រាលការលំបាកប្រជាពលរដ្ឋបានទាន់ពេលវេលា ៕



ដោយ / គ្រី សម្បត្តិ