Huawei រំពឹងថា ប្រាក់ចំណូលនឹងកើនឡើងជិត ៩ភាគរយក្នុងឆ្នាំនេះ

ប៉េកាំង៖ ក្រុមហ៊ុនហូវៃ នៅថ្ងៃសុក្រនេះ រំពឹងថា នឹងមើលឃើញប្រាក់ចំណូលរបស់ខ្លួន កើនឡើងជិត ៩ភាគរយក្នុងឆ្នាំ ២០២៣នេះ ទោះបីជាសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះក៏ដោយ។

ប្រធានប្តូរវេនរបស់ក្រុមហ៊ុនហូវៃ លោក Ken Hu បានកត់សម្គាល់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រោយធ្វើការងារយ៉ាងលំបាកជាច្រើនឆ្នាំ ទីបំផុតយើងអាចទប់ទល់នឹងព្យុះភ្លៀងបាន ប៉ុន្តែទន្ទឹមគ្នានេះ ពួកយើងក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ធំនាពេលអនាគតផងដែរ។ លោក Hu បានផ្ញើសារនាឱកាសឆ្នាំថ្មីថា ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុនរំពឹងថា ប្រាក់ចំណូលនឹងមានជាង ៧០០ពាន់លានយ័ន ឬប្រមាណ ៩៩.៤ពាន់លានដុល្លារ។

តួលេខនេះ កើនឡើងជិត ៩ភាគរយ បើធៀបនឹងឆ្នាំមុន។ ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនហូវៃ គឺជាចំណុចកណ្តាលនៃការប្រឈមមុខគ្នាផ្នែកបច្ចេកវិទ្យា រវាងចិន និងសហរដ្ឋអាមេរិក ដោយទីក្រុងវ៉ាស៊ីនតោនបានព្រមានថា ឧបករណ៍របស់ហូវៃ អាចត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីចារកម្មរដ្ឋ។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានហូវៃច្រានចោល។

ការដាក់ទណ្ឌកម្មចាប់តាំងពីឆ្នាំ ២០១៩ បានកាត់ផ្តាច់ក្រុមហ៊ុនហូវៃ ពីការចូលប្រើគ្រឿងបន្លាស់ និងបច្ចេកវិទ្យាដែលផលិតដោយសហរដ្ឋអាមេរិក និងបង្ខំឱ្យហូវៃធ្វើពិពិធកម្មប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner