សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការ បញ្ចប់ សង្គ្រាមស៊ីវិលនៅកម្ពុជា មានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងការរំលឹកគុណ និងការចងចាំ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប ២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា បានថ្លែងថា ពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានេះ មានអត្ថន័យជាប្រវត្តិសាស្ត្រ ពោលគឺ ជាការរំឭកពីការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា និងការទទួលបាននូវសុខសន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេស ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំ។
សម្តេចធិបតី បានបន្តថា ពិធីដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំ ស្របពេលជាមួយនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ ក្រោមបរិយាកាសសប្បាយរីករាយ និងមោទនភាពជាតិខ្ពស់ ។ សម្តេច បន្ថែមថា ពិធីដ៏មហាឡារឹកនេះ ប្រព្រឹត្តឡើងនៅក្នុងបរិវេណសំណង់ប្រវត្តិសាស្ត្រ ដែលជានិម្មិតរូបនៃសុខសន្តិភាព ឯករាជ្យភាពទឹកដី និងសុខរមនារបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីទុកជាកេរ្ត៍ដំណែលប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជំនាន់ក្រោយៗទៀត ។
សម្តេចធិតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកគុណដល់យុវជន យុវនារី កុលបុត្រ កុលធីតា អ្នកស្នេហាជាតិគ្រប់ៗរូប គ្រប់ជំនាន់ រួមទាំងយុទ្ធមិត្តអតីតយុទ្ធជន និងប្រតិបត្តិករដែលបានពលិកម្ម និងលះបង់គ្រប់បែបយ៉ាង រហូតបូជាអាយុជីវិត ដើម្បីបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិនិងប្រជាជន ព្រមទាំងដើម្បីសុខសន្តិភាពសម្រាប់មាតុភូមិជាទីស្នេហារបស់យើង ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ដួងព្រលឹងបុព្វបុរស និងអ្នកស្នេហាជាតិទាំងអស់ នឹងស្ថិតនៅជាម្លប់ និងជានិម្មិតរូបនៃការពលិកម្មសម្រាប់បងប្អូនខ្មែរជំនាន់ក្រោយៗ ដើម្បីបន្តវីរភាព និងដើម្បីបម្រើឱ្យឧត្តមប្រយោជន៍ជាតិ មាតុភូមិកម្ពុជា ជាទីស្នេហា នៃយើងជានិច្ចនិរន្តរ៍តរៀងទៅ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ















