សម្តេច ពិន សែម បានប្រទានសម្ភារៈ ឧបភោគបរិភោគ និងថវិកា មួយចំនួនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
សៀមរាប៖ កាលរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាក បាទ ក្រហម កម្ពុជាខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងក្រុមការងារ បានអញ្ជើញចូលថ្វាយបង្គំទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ពីសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌។អំណោយទាំងនេះ ដើម្បីកាកបាទ ក្រហមកម្ពុជា ខេត្តសៀមរាបយកទៅចែកជូន ប្រជាពលរដ្ឋដែល រងគ្រោះនិងងាយរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗ។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានថេរដីកាថា ទេយ្យទានដែល បានប្រគល់ជូននេះ គឺជាទឹកព្រះទ័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ និង ទឹកចិត្តឧបាសក ឧបាសិកា ចំណុះវត្តរាជបូណ៌ ដែលរួមសាមគ្គីគ្នាជួយ ដល់ សាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប ដើម្បីឧបត្តម្ភដល់ប្រជា ពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ស្របតាម ពុទ្ធឱវាទ នៃព្រះសម្មាសម្ពុទ្ធនៃយើង ដោយហេតុថាពុទ្ធបរិស័ទទាំងអស់ គឺមិត្តរួមជាតិ រួមសាសន៍ និងមិត្តរួមទុក្ខ រស់នៅក្រោមម្លប់នៃ ព្រះពុទ្ធ សាសនាជាមួយគ្នា ។ដូច្នេះនៅពេលដែលពុទ្ធបរិស័ទមាន ជួបទុក្ខ លំបាក ព្រះសង្ឃត្រូវតែខ្វល់ខ្វាយជួយជ្រោមជ្រែងញោម ញាតិនិង ចូលរួមការរំលែកទុក្ខរបស់ពុទ្ធបរិស័ទ ដោយព្រហ្មវិហារធម៌៤ មាន៖ មេត្តា ករុណា មុទិតា និងឧបេក្ខាជាដើម។

លោកជំទាវ ទុយ ជិ បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះ ទឹកព្រះទ័យ និងទឹកចិត្តមនុស្សធម៌របស់សម្តេច និងព្រះសង្ឃ ព្រមទាំងសប្បុរសជនជិតឆ្ងាយ ចំពោះសកម្មភាពការងារមនុស្សធម៌ របស់ក្រុមការងារកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប ដែលជានិច្ចកាលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ជួបគ្រោះមហន្តរាយផ្សេងៗក្នុងពេលកន្លងមក ជាពិសេសគ្រួសារក្រីក្រ ជនងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីម៉េម៉ាយជាដើម ។ទេយ្យទាន ដែលទទួលបាន នាពេល នេះនឹងបន្តប្រគល់ជូនដល់ដៃជនរងគ្រោះនិងងាយរងគ្រោះនៅក្នុងខេត្តជាបន្តបន្ទាប់។ លោកជំទាវ បន្តទៀតថា កាកបាទក្រហមគឺជាស្ថាប័ន មនុស្សធម៌ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដែលតែងគិតគូរខ្ពស់បំផុតចំពោះសុខ ទុក្ខ ប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនរយោបាយណាមួយឡើយ។ ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ បានពុះពារយកចិត្តទុកដាក់ និងដឹកនាំបំពេញ បេសកកម្មការងារមនុស្សធម៌ទូទំាងខេត្ត ដូចជាការ ចុះសួរសុខ ទុក្ខអ្នកជម្ងឺ ដែលសម្រាកព្យាលបាលនៅមន្ទីរពេទ្យខេត្ត ការចែក អំណោយដល់ គ្រួសារក្រីក្រ ជនគ្មានទីពឹង ជនចាស់ជរា ក្មេងកំព្រា ចុះសំណេះសំណាល សួរសុខទុក្ខ ផ្តល់សម្ភារការពារ និងថែរក្សា សុខភាព អនាម័យ ដល់មន្ទីរ ពេទ្យ និងមណ្ឌលសុខភាពនានាផងដែរ ។
ទេយ្យទានដែលបានទទួលរួមមាន៖ ថវិកាចំនួន៥លានរៀល អង្ករ ២តោន ត្រីខ ៥កេសធំ មី ៥កេសធំ ទឹកត្រីប្រភេទដបកែវ ១០០ដប ទឹកស៊ីអ៊ីវ ១០យួរ ថ្នាំដុសធ្មេញ ១០ដុំ សាប៊ូបោក ២០កញ្ចប់ អំបិល១០០គីឡូក្រាម សាប៊ូលុច ៦៩ដុំស្មីនិង ២៧៦ដុំតូច ច្រាសដុសធ្មេញ ៦០ ភេសជ្ជៈ៥០កេស ឆ្នាំងខ្ទះ ៣០ កំសៀវ ២០ ចានស្រាក់ ៧០ ត្បាល់ ២០ ៕




ដោយ ៖ស៊ាន ស៊ាន សុផាត