រុស្ស៊ីបើកស្ថានទូតនៅបូគីណាហ្វាសូឡើងវិញ ក្រោយបិទជិត៣២ឆ្នាំ

អៅហ្គាឌូហ្គូ៖ ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសបូគីណាហ្វាសូ បន្ទាប់ពីបិទដំណើរការកាលពីឆ្នាំ ១៩៩២ ពោលគឺជិត ៣២ឆ្នាំ។

ក្រសួងការបរទេសបូគីណាហ្វាសូ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៊ីបានបើកស្ថានទូតរបស់ខ្លួនជាផ្លូវការនៅក្នុងរដ្ឋធានីអៅហ្គាឌូហ្គូ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកូតឌីវ័ររ លោក អាឡិចហ្សេ សាល់ទីកូវ និយាយថា លោកនឹងដឹកនាំបេសកកម្មការទូតនៅបូគីណាហ្វាសូ ជាបណ្តោះអាសន្ន រហូតដល់មានការតែងតាំងឯកអគ្គរដ្ឋទូតថ្មី និងបានពណ៌នាប្រទេសនេះថា ជា “ដៃគូចាស់ដែលមានចំណងទាក់ទង និងមិត្តភាពរឹងមាំ។

លោកបន្ថែមថា ទោះបីជាអវត្តមានការទូតរបស់យើងនៅទីនេះក៏ដោយ ក៏កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ចប្រទេសទាំងពីរ មិនបានបញ្ឈប់ឡើយ។
គួរបញ្ជាក់ថា ប្រទេសបូគីណាហ្វាសូ បានទទួលរងរដ្ឋប្រហារយោធាចំនួនពីរលើកកាលពីឆ្នាំមុន។

ចាប់តាំងពីឡើងកាន់អំណាចក្នុងខែកញ្ញា ឆ្នាំ ២០២២ របបយោធាដែលកំពុងកាន់អំណាចក្នុងប្រទេសនេះ បានឃ្លាតឆ្ងាយពីបារាំង ដែលជាដៃគូប្រវត្តិសាស្ត្ររបស់ខ្លួន ហើយខិតទៅជិតរុស្ស៊ីវិញ។

ទីក្រុងម៉ូស្គូបានសន្យាផ្តល់អង្ករឥតគិតថ្លៃ ដល់ប្រទេសអាហ្វ្រិកដែលក្រីក្របំផុតមួយនេះរបស់ពិភពលោក។ រុស្ស៊ីកាន់តែមានភាពឯកោ ចាប់តាំងពីការវាយលុកលើអ៊ុយក្រែន ហើយប៉ុន្មានខែថ្មីៗនេះ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាកាន់តែខ្លាំងជាមួយប៊ូគីណាហ្វាសូ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner