មន្ទីរជំនាញ៖ បដិមាប្រាំអង្គ ដែលប្រជាពលរដ្ឋឃុំអំពិលទឹករើសបាន ពីក្នុងទន្លេមិនមែនជាវត្ថុបុរាណ ទេ ជារូបចម្លងថ្មី
កំពង់ឆ្នាំង៖ ជុំវិញការភ្ញាក់ផ្អើលរឿងបដិមាប្រាំព្រះអង្គដែលប្រជាពលរដ្ឋ បានអះអាងថា ផុសចេញពីក្នុងទន្លេ ត្រូវបានប្រធានមន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា មិនមែនជាវត្ថុបុរាណទេ គឺសុទ្ធតែជារូបចម្លង និងឆ្លាក់ថ្មីទាំងអស់។ការ បញ្ជាក់បែបនេះក្នុងពេល ដែលលោកប្រធានមន្ទីរបានដឹកនាំមន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះចុះ ទៅពិនិត្យបដិមាទាំង៥ អង្គនោះដល់លំនៅឋាន ប្រជាពលរដ្ឋជាម្ចាស់ បដិមា នៅភូមិកៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច កាលពីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោក សុខ ធួក បានលំអិតពីបដិមាទាំងប្រាំអង្គ ថា ទី១. ព្រះពិស្ណុការ ធ្វើអំពី ស្ពាន់មានទម្ងន់ជាង៤,៤០គីឡូក្រាម,មានកម្ពស់០,៥៣ម៉ែត្របដិមានេះប្រហោងក្នុងចាក់ស៊ីម៉ង់ត៍បំពេញរួចផ្សារស្ពាន់ផ្ជិតវិញ(ជារូបចាក់ពុំចម្លងថ្មី)។ រូបទី២.ព្រះអង្គប្រក់នាគ មានទម្ងន់១,៤០គីឡូក្រាម,មាន កម្ពស់០,១៩ម៉ែត្រធ្វើជាស្ពាន់ ពុំមែនជារចនាបទខ្មែរ ទេអាចជារបស់ ប្រទេស ម៉ាឡេស៊ី ឬ ឥណ្ឌូនេស៊ី។ចំណែកបដិមាបីទៀតមាន ព្រះពុទ្ធរូប មានទំងន់ ២,៨គីឡូក្រាម កម្ពស់ ០,២០ម៉ែត្រ, ព្រះភគណេស មានទម្ងន់៥,២០គីឡូក្រាម កម្ពស់០,២០ម៉ែត្រ និង រូបព្រះឥសីមាន ទម្ងន់ ១,៤០គីឡូក្រាម កម្ពស់០,៣០ម៉ែត្រ សុទ្ធតែជាបដិមាឆ្លាក់ថ្មី ចេញពីថ្មកែវ ខេត្តពោធិ៍សាត់ ។

លោកបានបញ្ជាក់ថា បដិមាទាំងអស់នេះអាចមាននរណាម្នាក់ ដែលថែរក្សា ហើយមិនទទួលបានលទ្ធផលល្អ ឬមិនបានសេចក្តីសុខ ក៏យកមកផ្លុងចោលក្នុងទន្លេទៅ ។ លោកអះអាងបែបនេះ ព្រោះរបស់ ខ្លះថ្វីបើមិនមែនបុរាណតែអ្នកខ្លះទុកដាក់ក្នុងផ្ទះមិនមានក្តីសុខ ឬ រស់នៅមិនបាន ក៍យកទៅផ្លុងចោលបែបនេះ។
សម្រាប់មន្ទីរជំនាញក្រោយ ពីពិនិត្យឃើញថា ពុំមានជាវត្ថុបុរាណ ដែលមិនប៉ះពាល់ដល់សម្បត្តិវប្បធម៌ គឺមិនទទួលយកទៅ ថែរក្សា ទេអាចម្ចាស់អ្នករើសបានយកទៅដាក់វត្តឬរក្សាទុកដោយខ្លួនឯងតែសុំកុំធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងប៉ះពាល់ដល់វប្បធម៌ជាតិ។
លោក ស៊ន សំអាត អភិបាលរងស្រុក និង លោក មួន មិថុនា អធិការនគរបាល ស្រុកកំពង់ត្រឡាចក៏បានបញ្ជាក់ដែរថាមន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរក៏មិនទាន់សម្រេចដកហូតបដិមាពីម្ចាស់បដិមាទាំងប្រាំអង្គនេះទេគឺទុកឱ្យរក្សាទុក គោរពទៅតាមជំនឿជា បណ្តោះអាសន្ន តែត្រូវធ្វើកិច្ចសន្យា មិនបំផុសឱ្យមានអបីយជំនឿ បង្កភាពអនាធិបតេយ្យ។ត្រូវសន្យា ថែរក្សាសណ្ដាប់ធ្នាប់ របៀបរបៀបរយ ។បើមិនគោរពទៅតាមគោលការណ៍ទេ បដិមាទាំងនោះនឹងត្រូវដករហូតទៅរក្សាទុក។

ដោយឡែក លោក ប៊ុត សុភិន អាយុ៤០ ឆ្នាំ ជាម្ចាស់បដិមាទាំងប្រាំអង្គបានអះអាងថា កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ពេលគាត់ទៅដាក់មង ក្នុងទន្លេ ចម្ងាយប្រាណ១០០ម៉ែត្រពីផ្ទះរបស់គាត់ក៏ស្រាប់តែជាន់និងរបស់រឹងនៅក្នុងទឹកទន្លេជម្រៅត្រឹមចង្កេះហើយគាត់ក៏កាយចេញមកឃើញបដិមាមួយអង្គមានដៃ ៨ រួចក៏យកមកផ្ទះប្រាប់បងប្អូន ហើយបងប្អូនផ្តល់ យោបល់ ថា សង្ស័យថានៅមានទៀត។គាត់ក៏ទៅកាយនៅទីនោះម្ដង ទៀតក៏បាន ប្រទះឃើញបរិមាបួនអង្គ ថែមទៀត ។
សូមបញ្ជាក់ លោក ប៊ុត សុភិន បានសន្យាថានឹងថែរក្សាវត្ថុទាំងនេះនិង មិនធ្វើឱ្យមានភាពអនាធិបតេយ្យប៉ះពាល់ដល់សង្គមនោះ ឡើយ៕








អត្ថបទ៖ សុខ គឹមសៀន