រកឃើញកន្ធាយក្បាលកង្កែបមួយសំបុក មានពងសរុបចំនួន ២៩គ្រាប់
(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេសប្រចាំ ខេត្ត ក្រចេះ នៃអង្គការសមាគមអភិរក្ស សត្វព្រៃ (WCS) បានទទួលកូនកន្ធាយក្បាលកង្កែបចំនួនមួយសម្បុក ពីសមាជិក សហគមន៍នេសាទ ដោយមានការចូលរួមពីក្រុមការងារការពារសម្បុក និងគណៈកម្មការសហគមន៍នេសាទ។
កន្ធាយក្បាលកង្កែបឬល្មិច ដែល មានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantorii ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិត ផុតពូជបំផុត។
បើតាមអង្គការសមាគមអភិរក្សសត្វព្រៃបានឱ្យដឹងកាលពីថ្ងៃទី ២៨ ខែធ្នូថា៖សម្បុកកន្ធាយក្បាលកង្កែបនេះត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣កន្លងមកដែលទទួលបានមានពងសរុបចំនួន ២៩គ្រាប់ដែលជាសម្បុក ទីមួយក្នុងរដូវកាលពងកូនឆ្នាំ២០២៤។ សម្បុកកន្ធាយក្បាលកង្កែបនេះត្រូវបានក្រុម ការងារ បច្ចេកទេសនៃអង្គការសមាគមអភិរក្ស និងក្រុមការងារការពារសម្បុកធ្វើការ វាស់វែង ប្រមូល និងរក្សាទុកនៅទីតាំងភ្ញាស់ដែលមានសុវត្ថិភាព។
សត្វកន្ធាយក្បាលកង្កែបត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទកំពុងរងគ្រោះ ដោយ អនុក្រឹត្យ រាជរដ្ឋាភិបាល លេខ១២៣អនក្រ. បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងក្នុងបញ្ជីក្រហម នៃអង្គការ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជនៅ ទូទាំង សកលលោក។ ប្រភេទសត្វនេះត្រូវបានរកឃើញសារជាថ្មីម្ដងទៀតចន្លោះ ពីស្រុក សំបូរ ខេត្តក្រចេះ រហូតដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានរយៈ ចម្ងាយ ប្រមាណ ៥០គីឡូម៉ែត្រ។
ជាមួយគ្នានេះគម្រោងអភិរក្សកន្ធាយក្បាលកង្កែបនេះគឺស្ថិតក្រោមការគាំទ្រដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការអនុវត្ត ដោយ ខណ្ឌរដ្ឋបាលជលផលក្រចេះ និងស្ទឹងត្រែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អង្គការសមាគមអភិរក្សសត្វព្រៃ WCS បានលើកឡើងនិងបង្ហាញក្ដីសោមនស្ស ដែល សមាជិកសហគមន៍បានយល់ដឹងលើការងារអភិរក្សធនធានជលផលជិតផុតពូជ ជាពិសេសការងារការពារ និងអភិរក្សកន្ធាយក្បាលកង្កែប។ ទាំងនេះសរបញ្ជាក់ឲ្យ ឃើញថា ការងារអប់រំផ្សព្វផ្សាយតាមមូលដ្ឋាន ពិតជាមានសារសំខាន់ ក្នុងការជួយ ដល់ការងារការពារ និងអភិរក្សជីវចម្រុះតាមដងទន្លេមេគង្គ រួមទាំងកន្ធាយក្បាល កង្កែបផងដែរ។
គួរបញ្ជាក់ថាការចាប់ ការប្រមូលពង ការលក់ ការទិញ ការហូប ការរក្សាទុក និងការដឹកជញ្ជូនកន្ធាយក្បាលកង្កែបពីដែនទឹកធម្មជាតិ ជាអំពើល្មើសច្បាប់ ហើយជនដែលប្រព្រឹត្តល្មើស នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
ដោយ៖ម៉ាដេប៉ូ


