សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាផលិតបានធនធានគ្រូបង្វឹក ៦០នាក់ សម្រាប់បង្វឹកដល់អត្តពលិកនៅតាមបណ្ដារាជធានី ខេត្ត
(បាត់ដំបង)៖ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា ផលិតបានធនធាន គ្រូបង្វឹក ថ្នាក់ជាតិ ៦០នាក់ ដោយជោគ ជ័យក្នុងនោះមាននារី ៩នាក់ ក្រោយពីធ្វើការបណ្ដុះបណ្ដាល រយៈពេល៦ថ្ងៃ លើជំនាញ ទូកប្រពៃណីខ្នាតអន្តរជាតិ ដែលធនធានទាំងនេះ គឺសម្រាប់បង្វឹកដល់អត្តពលិកនៅតាមបណ្ដារាជធានី ខេត្ត ។
វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅខេត្តបាត់ដំបង ទទួលបានការ ឧបត្ថម្ភគាំទ្រថវិកាពីក្រសួងអប់រំយុវជននិងកីឡា ក្រោមការបង្ហាត់បង្រៀន ពីគ្រូឧទ្ទេសជំនាញ ថ្នាក់ជាតិ និង ថ្នាក់អន្តរជាតិ គ្រូឧទ្ទេសទូកប្រពៃណី ខ្នាតអន្តរជាតិទូកនាគ មកពីប្រទេសមីយ៉ាន់ម៉ា ដោយបានសិក្សាលើប្រធានបទ ១ចំនួនរួមមាន ប្រវត្តិ ទូកប្រពៃណីខ្មែរ ប្រវត្តិទូកផ្កាចារ ដែលបានដាក់បញ្ចូល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣និយមន័យគ្រូបង្វឹក លក្ខណៈ សម្បត្តិរបស់គ្រូបង្វឹក ការបង្កើតសមាគម ឬក្លឹប ព្រមទាំង ធ្វើការអនុវត្តផ្ទាល់នៅលើ ទីលានផងដែរ ។
លោក ស្រ៊ុន លាង អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បាន ឲ្យដឹងថាឆ្លងតាមការសិក្សារយៈពេល ០៦ថ្ងៃ ឃើញថាសិក្ខាកាមទាំងអស់បានយល់ ដឹង កាន់តែច្បាស់ ពីគោលបំណងនៃវគ្គ ទាំងទ្រឹស្តី អនុវត្តជាក់ស្តែង ការធ្វើតេស្ត សាក ល្បង និងការវាយតម្លៃ ដោយគ្រូឧទ្ទេសសិក្ខាកាមទាំងអស់ទទួលបាននិទ្ទេស ល្អណាស់ ចំនួននួន២០% និទ្ទេស ល្អ៣០% និទ្ទេស មធ្យម ចំនួន៤០% និងនិទ្ទេសខ្សោយ ចំនួន ១០% ។
លោក ស្រ៊ុន លាងបន្ដថា លទ្ធផល វគ្គបណ្តុះបណ្តាល នេះ សហព័ន្ធរៀបចំឡើង ក្នុងទិសដៅពង្រីកធនធានចំណេះដឹងលើកីឡាទូកប្រពៃណីខ្នាតអន្តរជាតិឲ្យដល់បណ្តាខេត្ត ដែលជាសមាសជិក ដើម្បីឲ្យពួកគាត់ ទទួលបានជំនាញច្បាស់លាស់ យកទៅបង្ហាត់បង្រៀនចែករំលែកដល់កីឡាករកីឡាការិនី បង្កើនកំរិតបច្ចេកទេស ជួយលើកកម្ពស់ ប្រភេទកីឡាមួយនេះកាន់តែមានសក្កានុពល។
ឯកឧត្តម បណ្ឌិតមាស សារិន អនុប្រធានអចិន្ដ្រៃ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា មានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ០៦ថ្ងៃ ក៏ពិតមែនប៉ុន្តែបានធ្វើឲ្យសិក្ខាកាមទាំងអស់បាន យល់ដឹងអំពី បច្ចេកទេសថ្មីៗ ក្នុងការបណ្តុះបណ្តាល ដល់កីឡាករ កីឡាការិនី ក្នុងសមាគមរបស់ខ្លួន ដើម្បីត្រៀម លក្ខណៈ សម្បត្តិប្រកួតថ្នាក់ជាតិ និងអន្តរជាតិនានា ជាពិសេសសម្រាប់ ត្រៀម ចូលរួមប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលព្រះ រាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ។
ឯកឧត្តម សំណូមពរដល់សិក្ខាកាមទាំងអស់ សូមយកនូវចំណេះដឹង ពីវគ្គនេះយក ទៅផ្សព្វផ្សាយ និង ចែករំលែកបន្តឲ្យមានប្រសិទ្ធិភាព ដើម្បីបង្កើតធនធានបន្តវេន សម្រាប់កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ឲ្យមានកាន់តែច្រើននៅតាម បណ្តារាជ ធានីខេត្ត ដើម្បី ពន្លឿនការអភិវឌ្ឍកីឡាប្រភេទនេះ ឲ្យកាន់តែរីកចម្រើន ឆាប់រហ័ស និង ឈានទៅដណ្ដើមមេដាយឲ្យបានច្រើបន្ថែមទៀត ពីការប្រកួត លើឆាកអន្ដរជាតិ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្ដាលគ្រូបង្វឹក កីឡាទូក ប្រពៃជាខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ហើយសិក្ខាកាម ទាំងអស់ នឹងត្រូវចូលរួមក្នុងការជើងឯកថ្នាក់ជាតិ ពីថ្ងៃទី២៩ដល់ទី៣១ ខែធ្នូនៅដងស្ទឹងសង្កែ ខេត្តបាត់ដំបងតែម្ដង ៕
ដោយ ជាវ ចន្ធូ







