ម៉ិកស៊ិកនិយាយថា អាមេរិកយល់ព្រមរក្សាច្រកព្រំដែន បើកចំហ

ម៉ិកស៊ីកូ៖ ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា មន្ត្រីអាមេរិកដែលបំពេញទស្សនកិច្ច នៅប្រទេសម៉ិកស៊ីក បានយល់ព្រមរក្សាការបើកច្រកព្រំដែនស្របច្បាប់ បន្ទាប់ពីមានការពិភាក្សា ក្នុងគោលបំណងដោះស្រាយបញ្ហាចំណាកស្រុក ដែលកំពុងកើនឡើង។

លោក Lopez Obrador បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងមន្ត្រីកំពូលៗផ្សេងទៀត របស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក Alejandro Mayorkas កាលពីថ្ងៃពុធ សប្តាហ៍នេះ។

លោក Lopez Obrador បានប្រាប់អ្នកយកព័ត៌មានថា «មានសកម្មភាពកាន់តែច្រើនឡើងៗ នៅតាមព្រំដែន នៅលើស្ពាន ហើយនោះហើយជាមូលហេតុដែលយើងត្រូវតែប្រុងប្រយ័ត្ន ដើម្បីកុំឱ្យច្រកឆ្លងកាត់ ត្រូវបានបិទ…កិច្ចព្រមព្រៀងនោះ ត្រូវបានសម្រេចហើយ» ។

លោកបានបន្ថែមថា «ផ្លូវឆ្លងកាត់ ផ្លូវរថភ្លើង និងស្ពានព្រំដែនត្រូវបានបើករួចហើយ ដើម្បីធ្វើឱ្យស្ថានភាពធម្មតា» ដោយលោក Lopez Obrador បានគូសបញ្ជាក់ពីទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងប្រទេសទាំងពីរ អាមេរិក- ម៉ិកស៊ីក។

លោកបាននិយាយទៀតថា ភាគីទាំងពីរបានយល់ព្រមរៀបចំកិច្ចប្រជុំជាទៀងទាត់ ដើម្បីដោះស្រាយ ចំពោះបញ្ហាកើនឡើងនៃការធ្វើចំណាកស្រុកនេះ។

គួររម្លឹកថា កាលពីដើមខែនេះ អាជ្ញាធរអាមេរិកជាច្រើនបានបិទច្រកផ្លូវដែក ចំនួនពីរ នៅព្រំដែនម៉ិកស៊ិក-អាមេរិក ក្នុងរដ្ឋតិចសាស់ អស់រយៈពេលជាច្រើនថ្ងៃ ដើម្បីព្យាយាមកំណត់ឲ្យច្បាស់លាស់ អំពីការចូលទឹកដីអាមេរិកដោយខុសច្បាប់ តាមរយៈរថភ្លើងដឹកទំនិញ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner