មន្ត្រីជាន់ខ្ពស់ អ.ស.ប ចាត់ទុកការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ជាការវាយប្រហារដ៏រន្ធត់
អ.ស.ប ៖ មន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិបានថ្កោលទោសរុស្ស៊ី ចំពោះ«ការវាយប្រហារដ៏គួរឱ្យភ័យខ្លាច» ទៅលើអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងមីស៊ីល និងយន្តហោះគ្មានមនុស្សបើកចំនួន ១៥៨ គ្រឿង កាលពីថ្ងៃសុក្រ សប្តាហ៍នេះ។ អ៊ុយក្រែនបានអះអាងថា ការវាយប្រហារលើកនេះ បានបណ្តាលឲ្យស្លាប់មនុស្ស យ៉ាងតិចណាស់ ចំនួន ៣០នាក់។
មន្ត្រីប្រទេសអ៊ុយក្រែនបាននិយាយថា ក្រៅពីការស្លាប់មនុស្សរាប់សិបនាក់ ក៏មានមនុស្សជាង ១៦០នាក់ទៀត បានរងរបួសផងដែរ។ រីឯ អគារ សាលារៀន មន្ទីរពេទ្យ សម្ភព កន្លែងទិញទំនិញ និងប្លុកផ្ទះល្វែង សុទ្ធតែត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ម៉ូហាម៉េត ឃីយ៉ារី (Mohamed Khiari) បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «គួរឱ្យសោកស្ដាយ វាជាការវាយប្រហារដ៏គួរឱ្យរន្ធត់ សម្រាប់ពេលបច្ចុប្បន្ននេះ វាគ្រាន់តែជាការវាយប្រហារចុងក្រោយបំផុត នៃការវាយប្រហារ ជាបន្តបន្ទាប់ បង្កឡើងដោយសហព័ន្ធរុស្ស៊ី» ។
ប្រភពបានបន្តថា អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងដាច់អហង្ការ នៅក្នុងវាយប្រហារដ៏ខ្លាំងក្លាបំផុតនេះ។ លោកបានចាត់ទុក ជាការវាយប្រហារដ៏គួរឱ្យរន្ធត់ ទៅលើទីក្រុង និងទីប្រជុំជននានា ទូទាំងប្រទេសអ៊ុយក្រែន។
លោក ម៉ូហាម៉េត ឃីយ៉ារី (Mohamed Khiari) បានបញ្ជាក់ថា «ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ គឺមិនអាចទទួលយកបាន ហើយត្រូវតែបញ្ឈប់ជាបន្ទាន់»។
សម្រាប់ការវាយប្រហារចុងក្រោយនេះ គេក៏បានឃើញកាំជ្រួចរុស្ស៊ី ឆ្លងកាត់ដែនអាកាសប៉ូឡូញផងដែរ។ ទង្វើនេះបានបង្កឱ្យមានការថ្កោលទោសពីអន្តរជាតិ ហើយលេចចេញនូវការសន្យាថ្មីៗនៃការគាំទ្រផ្នែកយោធា ដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីមានការឈ្លានពានពីរុស្ស៊ី កាលពីចុងខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


