ប្រជាជននៅហ្គាហ្សាប្រើថាមពលពន្លឺព្រះអាទិត្យ ដើម្បីសាកថ្មទូរស័ព្ទ និងថ្មអំពូលភ្លើង
ហ្គាហ្សា៖ ព្រោះតែសង្គ្រាមហែកហួរ នាំឲ្យខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ ប្រជាជនរស់នៅតំបន់ហ្គាហ្សា បានប្រើប្រាស់ថាមពល ពីពន្លឺព្រះអាទិត្យ សម្រាប់ការសាកថ្មទូរស័ព្ទ និង សាកអំពូលទុកបំភ្លឺ នៅពេលយប់។
ពលរដ្ឋម្នាក់ ដែលរស់នៅក្នុងតំបន់ហ្គាហ្សា បាននិយាយថា «យើងត្រូវទិញបន្ទះសូឡានេះ ដូច្នេះ យើងអាចសាកថ្មទូរស័ព្ទរបស់យើង និងសាកថ្ម ទុកសម្រាប់ការបំភ្លឺអំពូល នៅពេលយប់»។

បុរសរូបនេះបាននិយាយ ដូច្នេះ ក្នុងពេលដែលរូបគេកំពុងពន្យល់អំពីរបៀបរបបនៃការរស់នៅ របស់ប្រជាជន ក្នុងតំបន់ហ្គាហ្សា ជាតំបន់ដែលហែកហួរដោយសង្រ្គាម។ លោកបញ្ជាក់ថា ពួកគេត្រូវពឹងផ្អែកលើបន្ទះសូឡា ដើម្បីមានថាមពលប្រើប្រាស់ ក្នុងពេលដាច់ភ្លើង។
ប្រភពបានបន្តថា «ឥឡូវនេះ វាមិនអាចទៅរួចទេ ក្នុងការដោតកុំព្យូទ័រ ឬទូរទស្សន៍ បញ្ចូលថ្មទូរស័ព្ទ ឬចូលប្រើអ៊ីនធឺណិត ដោយសារគ្មានម៉ាស៊ីនភ្លើង ឬ បន្ទះសូឡា ស្រូបពន្លឺព្រះអាទិត្យ។ អ្នកមានលទ្ធភាពក្នុងតំបន់ហ្គាហ្សា មួយចំនួនអាចមានលទ្ធភាពទិញម៉ាស៊ីនភ្លើង ឬ បន្ទះសូឡាទាំងនេះបាន»។
បើតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ជាង៨០ ភាគរយនៃប្រជាជន ២លាន៤សែននាក់ រស់នៅតំបន់ហ្គាហ្សា ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ ឥឡូវនេះ មនុស្សជាច្រើននាក់រស់នៅក្នុងជម្រកចង្អៀត ឬនៅក្នុងតង់បណ្តោះអាសន្ន នៅជុំវិញតំបន់ រ៉ាហ្វាដ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត