ប៉ូលីស និងអាវុធហត្ថជាង៩ម៉ឺននាក់ត្រៀមដាក់ពង្រាយ នៅប្រទេសបារាំង ក្នុងថ្ងៃឆ្លងឆ្នាំ

ប៉ារីស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសបារាំងបានប្រកាស កាលពីថ្ងៃសុក្រ សប្តាហ៍នេះថា មន្ត្រីប៉ូលីស និងអាវុធហត្ថ ជាង៩ម៉ឺននាក់ ព្រមទាំងទាហាន៥ពាន់នាក់ នឹងត្រូវប្រមូលផ្តុំ នៅទូទាំងប្រទេសបារាំង នៅថ្ងៃអាទិត្យនេះ ជាថ្ងៃបុណ្យឆ្លងឆ្នាំសកល ២០២៤។

អំឡុងសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការប៉ូលិស ក្នុងទីក្រុងប៉ារីស រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gérald Darmanin បានបញ្ជាក់ថា «នៅក្នុងបរិបទ នៃការគំរាមកំហែងភេរវករខ្ពស់ ដោយសារតែជម្លោះក្នុងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាហេតុផលដែលត្រូវដាក់ពង្រាយកម្លាំងនេះ»។

លោកបានបន្តទៀតថា «កងកំលាំងចល័តទាំងនោះ គឺមកពី ៧៣អង្គភាព រួមទាំងអង្គភាពថ្មី ចំនួន៤ ហើយ ឧទ្ធម្ភាគចក្រ និងប្រព័ន្ធ CRS8 ក៏ត្រៀមផងដែរ»។

ទីក្រុងប៉ារីស ជាកន្លែងដែលគេគ្រោងរៀបចំពិធីបុណ្យធំជាងឆ្នាំមុន ហើយក៏ជាទីតាំងត្រៀមរៀបចំបើកការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកផងដែរ។ ការលក់ និងការទទួលទានគ្រឿងស្រវឹងនឹងត្រូវហាមឃាត់ នៅក្នុងតំបន់មួយចំនួន។

បើតាមមេប៉ូលីស លោក Laurent Nuñez បាននិយាយថា ពិធីបុណ្យនៅក្នុងទីក្រុងប៉ារីស នឹងចាប់ផ្តើម នៅម៉ោង ៦ ល្ងាច និងបញ្ចប់ នៅម៉ោង ១២៖៣០ អធ្រាត។ លោកបានបន្តទៀតថា «ការធ្វើបាតុកម្ម នឹងត្រូវហាមឃាត់»។

អាជ្ញាធរបានព្យាករណ៍ថា នឹងមានមនុស្សចន្លោះ ពី៧០ម៉ឺន ទៅ ១លាននាក់ ទៅទស្សនា នៅតំបន់ Champs-Elysées ហើយមនុស្សសរុប ជាង១លាន៥សែននាក់ នឹងមានវត្តមាន នៅក្នុងទីក្រុងប៉ារីស៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner