គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គាំទ្រទាំងស្រុងចំពោះប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាព

ភ្នំពេញ៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានធ្វើការគាំទ្រទាំងស្រុងចំពោះប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការយកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា។ ប្រសាសន៍របស់សម្តេចនេះ គឺបានបង្ហាញពិលោកឱ្យឃើញកាន់តែច្បាស់ថា កម្ពុជាគឺជាប្រទេសពោរពេញដោយសន្តិភាពពេញលេញ ឯករាជ បូរណភាពទឹកដី អធិបតេយ្យភាព បោះជំហានលើវិស័យអភិវឌ្ឍន៍ជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសង្គមជាចម្បង។ នេះបើយោងតាមលិខិតគាំទ្ររបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានបន្តថាក្រោមការសម្រេចចិត្តដ៏វៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនបាច់បង្កើតទិវាសន្តិភាពទៀតនោះទេ គឺកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា។ អស់រយៈពេលកន្លងមក កម្ពុជាជាប្រទេសរងនូវសោនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុត ដោយសារតែភ្លើងសង្គ្រាម។ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម រកឃើញសុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ទំព័រខ្មៅងងឹតនៃការបែកបាក់ជាតិ ក្នុងរយៈពេលតិចបំផុត៥០០ឆ្នាំ។ ផ្តើមពីសុខសន្តិភាព និងការឯកភាពជាតិទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេង នាំឱ្យកម្ពុជាសម្រេចបាននូវការកសាងជាតិឱ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គលដូចពេលបច្ចុប្បន្ននេះ។

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សង្ឃឹមយ៉ាងមុតមាំថា ទិវាសន្តិភាពមួយនេះ អាចជាកម្លាំងចិត្តដ៏មោះមុតមួយប្រយោជន៍ដល់ខ្មែរគ្រប់រូប ប្តូរចេញពីទស្សនៈនយោបាយផ្ដួលរំលំវាយប្រហារខ្មែរគ្នាឯង បោះជំហានទៅលើវិស័យអភិវឌ្ឍន៍ ទាំងធនធានមនុស្ស និងធនធានសេដ្ឋកិច្ចបែបប្រជាធិបតេយ្យ ដូចទៅនឹងបណ្ដាប្រទេសដទៃដែលកំពុងធ្វើការអភិវឌ្ឍលើសកលលោក៕

ads banner