អាគារសិក្សា ១ខ្នង និងទីចាត់ការ ១ខ្នង អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានបើកការដ្ឋានសាងសង់ នៅក្រុងកែប
កែប៖ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា សោមពិសិដ្ឋ កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ អញ្ជើញចូលរួមបើកការដ្ឋាន កសាងអគារសាលាបឋមសិក្សាវត្តកំពង់ត្រឡាច ១ខ្នង និងអគារទីចាត់ការសាលា ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតនៅក្នុងបរិវេណវត្តកំពង់ត្រឡាច ក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
លោក ខេង យ័ន អភិបាលក្រុងកែប បានឱ្យដឹងថា ថ្ងៃនេះសាលាបឋមសិក្សាវត្តកំពង់ត្រឡាច នឹងទទួលបានអាគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ រួមទាំងអគារ ទីចាត់ការសាលា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា សមិទ្ធផលថ្មីដែលយើងកំពុងដំណើរការសាងសង់នេះ គឺជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតក្នុងឱកាសដែល សម្តេចអញ្ជើញមកសម្ពោធសមិទ្ធផលនានាក្នុងវត្តកំពង់ត្រឡាចនេះ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កន្លងទៅ តាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូ ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែរក្សាបាននូវនិរន្តភាព សន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងកំពុងដាក់អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដោយផ្តោសំខាន់នូវវិស័យចំបងៗ ជាពិសេស វិស័យអប់រំ និងវិស័យសុខាភិបាល។
ឯកឧត្តមបណ្ឌិតបន្ថែមថា តាមរយៈសមិទ្ធផលថ្មីនេះ និងជាកំលាំងចិត្តបន្ថែមទៀតសម្រាប់ប្អូនៗក្មួយៗ ក៏ដូចជាលោកគ្រូអ្នកគ្រូ ក្នុងការខិតខំបង្រៀននិងរៀន អោយបានខ្លាំងពូកែ ដើម្បីក្លាយជាទំពាំងដ៏មានគុណភាព ស្នងបន្តអភិវឌ្ឍន៍ប្រទេសជាតិយើង។ ឯកឧត្តមបណ្ឌិតសង្ឃឹមថា ប្អូនៗក្មួយៗនឹងខិតខំប្រែក្លាយខ្លួន ជាក្មេងបីល្អ គឺកូនល្អ សិស្សល្អ និងមិត្តល្អ ហើយឆ្នាំក្រោយនឹងមានសិស្សពូកែទូទាំងខេត្ត ចេញពីសាលាបឋមសិក្សាវត្តកំពង់ត្រឡាចនេះ ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតភិបាលខេត្ត ក៏បានណែនាំដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សូមខិតខំ គៀងគរបំពាក់បន្ថែម ឧបករណ៍ និងសំភារៈសិក្សាបន្ថែមទៀត ដូចជាការធ្វើសួនច្បារ ការដាក់អោយមានសៀវភៅអាន ដើម្បីអោយប្អូនៗក្មួយៗមានទំលាប់ក្នុងការអានសៀវភៅ សម្រាប់ជាជំនួយដល់ការសិក្សារៀនសូត្ររបស់ប្អូនៗ។ ក្នុងនោះដែរឯកឧត្តមក៏បានផ្តល់នូវវត្ថុអនុស្សាវរីយ៍សម្រាប់ជូនដល់ អាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស៕
ដោយ ៖ សិលា សារិន



