កិច្ចប្រជុំត្រួតពិនិត្យ ផ្តល់យោបល់ និងកែសម្រួល លើសេចក្តីព្រាងកម្មវិធីវិយោគបីឆ្នាំរំកិល (២០២៤-២០២៦)

កែប៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្តល់យោបល់ និងកែសម្រួលលើសេចក្តីព្រាងកម្មវិធីវិយោគបីឆ្នាំរំកិល (២០២៤-២០២៦) និងប្រតិទិនការងារសម្រាប់រៀបចំ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្តកែប នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ៖ ដោយអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលបានកំណត់ក្នុងមាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងស្របតាមខ្លឹមសារអនុក្រឹត្យលេខ ២១៩ អន.ក្រ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗមួយចំនួនទៀត ដែលតម្រូវឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ តាមរយៈកម្មវិធីវិនិយោគបីឆ្នាំរំកិល ។

ឯកឧត្តម អភិបាលខេត្ត បន្តថា៖ ក្នុងអណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត បានរៀបចំផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ(២០២០-២០២៤) ដោយបានកំណត់ចក្ខុវិស័យ «ខេត្ត ជាតំបន់ទេសចរណ៍ សម្រាកលម្ហែកម្សាន្តប្រណិតកម្រិតខ្ពស់  បរិស្ថានល្អ ភ្ញៀវទេសចរមានកំណើន និងមកស្នាក់នៅរយៈពេលយូរ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋគោរពច្បាប់ សុខុមាលភាព សមភាពយេនឌ័រ សីលធម៌រស់នៅថៃ្លថ្នូរ វប្បធម៌រុងរឿង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ»។
ជាក់ស្តែងតាមរយៈទិន្នន័យមូលដ្ឋានប្រចាំឆ្នាំ អត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការថយចុះជាលំដាប់គឺ ១២.៨៤% នៅឆ្នាំ២០១៧ មកត្រឹម ២.៤១% នៅឆ្នាំ២០២៣។

ឯកឧត្តមបន្ថែមទៀតថា៖ កិច្ចប្រជុំត្រួតពិនិត្យ ផ្តល់យោបល់ និងកែសម្រួលលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) និងប្រតិទិនការងាររៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) របស់រដ្ឋបាលខេត្តពិតជាមានសារៈសំខាន់ខ្លាំងណាស់ យើងនឹងទទួលបានសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) និងប្រតិទិនការងារ រៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) របស់រដ្ឋបាលខេត្ត មានភាពជាក់លាក់ មានសង្គតិភាពជាមួយនឹងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត និងស្របតាមសេចក្តីណែនាំបច្ចេកទេស ដើម្បី ដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត ដើម្បីអនុវត្តនៅឆ្នាំខាងមុខ ៕

ដោយ ៖ សិលា សារិន

ads banner