រញ្ជួយដីនៅជប៉ុន៖ អ្នកស្លាប់កើនដល់ ៧៣នាក់ ការជួយសង្គ្រោះ មានភាពស្មុគស្មាញ

តូក្យូ៖ ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានកើនឡើងដល់ ៧៣នាក់ហើយ ខណៈបញ្ហាអាកាសធាតុបានរារាំងដល់ប្រតិបត្តិការជួយង្គ្រោះ។

រូបភាពវីដេអូបានបង្ហាញពីទិដ្ឋភាពរថយន្តសង្គ្រោះ ធ្វើដំណើរទាំងយប់ ទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារការរញ្ជួយដីកម្រិត ៧.៥ រិចទ័រ កាលពីថ្ងៃទី ១ ខែមករា។ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ការបិទផ្លូវនានា ការស្ទះដោយគំនរថ្ម និងដើមឈើដួលរលំ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ មានភាពស្មុគស្មាញ។

អាជ្ញាធរបានជូនដំណឹងឲ្យដឹងថា គិតត្រឹមថ្ងៃពុធ សប្តាហ៍នេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៣នាក់ហើយ។ រីឯចំនួនអ្នករងរបួស មានជាង៤០០នាក់។ មនុស្សជាង ៣៣៤០០នាក់ស្ថិតនៅក្នុងជម្រកបណ្តោះអាសន្ន ហើយ អគារយ៉ាងហោចណាស់ ចំនួន២០០អគារ បានដួលរលំ។ មនុស្សប្រមាណ៣០ម៉ឺន នៅតែគ្មានថាមពលអគ្គិសនីប្រើប្រាស់ នៅក្នុងខេត្ត Ishikawa ហើយមនុស្ស ជាង១១ម៉ឺនគ្រួសារ គ្មានទឹកប្រើប្រាស់។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខ្លាំងក្លាបន្តបន្ទាប់គ្នា រួមមានទាំងការរញ្ជួយកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារតំបន់ភាគកណ្តាលនៃប្រទេសជប៉ុន កាលពីថ្ងៃចន្ទ សប្តាហ៍នេះ។ ភ្លាមៗ អាជ្ញាធរជប៉ុនបានប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ប៉ុន្តែ ក្រោយមក បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ៕ ប្រភពពី AFP

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner