ឯកឧត្តម អ៊ូ រតនា៖ ជើងឯកថ្នាក់ជាតិ ផ្តោតលើយុវជនច្រើន ដើម្បីស្វែងរកជើងខ្លាំងត្រៀមការប្រកួតសិស្សអាស៊ាន ខាងមុខនេះ

(ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់គិរីសួគ៌ ប្រចាំឆ្នាំ២០២៣ ដែលបានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈកីឡាករ កីឡាការិនីក្រសួងការពារជាតិដណ្តើមបានមេដាយមាសច្រើនជាងគេ ។

លោក យ៉ាំ ថៃសាន អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា គូសបញ្ជាក់ថា ការប្រកួត ជើងឯកថ្នាក់ជាតិ និងពានរង្វាន់គិរីសួគ៌ មានរាជធានី/ខេត្ត ចំនួន១៣ កីឡាករ កីឡាការិនីសរុប ១២៨ នាក់ (ស្រី ៣៥នាក់) ក្នុងគោលបំណងផ្តល់លទ្ធភាពដល់ប្អូនៗក្មួយៗថ្នាលជំនាន់ក្រោយប្រកួតប្រជែង ដើម្បីចម្រាញ់រកកីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាសិស្សអាស៊ាន នៅខែមិថុនា ឆ្នាំ២០២៤ខាងមុខនៅឥណ្ឌូណេស៊ី។ ការប្រកួតចែកជា២ផ្នែកធំៗ មាន ២២វិញ្ញាសា ដោយវិញ្ញាសាមេគុន មាន ១៣ និងវិញ្ញាសាប្រយុទ្ធ មាន ០៩។

លោកអគ្គលេខាធិការ បានអះអាងថា ក្រោយពីបានរៀបចំវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសរៀបចំ និងគ្រប់គ្រងការប្រកួត នាពេលថ្មីៗរួចមក មន្ត្រីរៀបចំការប្រកួតមានការយល់ដឹងកាន់តែច្រើន ក្នុងការរៀបចំ និងគ្រប់គ្រងការប្រកួតស្របតាមលក្ខណៈ បច្ចេកទេសរបស់សហព័ន្ធកីឡាវ៉ូវីណាមអន្តរជាតិ។ ចៅក្រម អាជ្ញាកណ្តាល កាន់តែមានវិជ្ជាជីវៈខ្ពស់ ប្រកាន់ខ្ជាប់នូវតម្លាភាព និងសុក្រិត្យភាព។

ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ បានថ្លែងអំណរគុណ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ថវិកាគាំទ្រប្រចាំឆ្នាំ ដើម្បីបម្រើការងាររដ្ឋបាលសហព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រកួតជើងឯកថ្នាក់ជាតិជារៀងរាល់ឆ្នាំ។ ឯកឧត្តមប្រធាន ក៏បានរម្លឹកពីភាពជោគជ័យ នៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣កន្លងទៅ ដោយដណ្ដើមបានមេដាយជូនជាតិ សរុបចំនួន២៧គ្រឿង មាស១០ ប្រាក់៩ និងសំរឹទ្ធ៨ និងជោគជ័យការប្រកួតកីឡាវ៉ូវីណាមជើងពិភព នៅវៀតណាម ដោយទទួលបានចំណាត់ថ្នាក់លេខ៣ ដោយដណ្តើមមេដាយសរុប ២០គ្រឿង មាស៦ ប្រាក់៥ និងសំរឹទ្ធ៩ ។ សមិទ្ធផលនេះ បានពីការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា ក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា វិស័យឯកជន ដែលតែងតែជួយជ្រោមជ្រែង ផ្តល់ការគាំទ្រដល់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជារហូតរៀងមក។

គួរបញ្ជាក់ថា សម្រាប់លទ្ធផលបច្ចេកទេសលើវិញ្ញាសាសរុបចំនួន២២ និងមានក្លឹបចំនួន ១៣ចូលរួម គឺក្រសួងការពារជាតិក្រសោបបានតំណែងលេខ១ ដោយដណ្តើមបានមេដាយសរុប ១៦គ្រឿង ក្នុងនោះមេដាយមាស ១២គ្រឿង ប្រាក់២ និងសំរឹទ្ធ២។ ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយសរុប ២១គ្រឿង ក្នុងនោះមេដាយមាស៧ ប្រាក់៩ និងសំរឹទ្ធ៥ ខណៈក្លឹបវ៉ូវីណាមសែនសុខ ឈរនៅលេខ៣ ជាមួយមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ៣ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner