ផ្លែសំរ៉ង កំពុងផ្តល់ប្រាក់កម្រៃខ្ពស់ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិអូរទង់ និងពលរដ្ឋ អាជ្ញាធរមូលដ្ឋានអំពាវនាវឱ្យអភិរក្ស និង ដាំស្តារបន្ថែម
(ខេត្តរតនគិរី)៖ សំរ៉ង ជាផ្លៃឈើព្រៃ របស់ខ្មែរយើង ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយបច្ចុប្បន្ននេះប្រជាសហគមន៍តំបន់ការពារធម្មជាតិអូរទង់ស្ថិតនៅឃុំកុកឡាក់ ស្រុក វ៉ឺង សៃ ខេត្ត រតនគិរី ដោយបានអាស្រ័យរើសផ្លែសំរ៉ង ក្នុងនេះគ្រួសារខ្លះ អាច រកប្រាក់កម្រៃចាប់ពី ១លានរហូតដល់ ១០លានរៀលក្នុងមួយរដូវកាលទៀតផង។
ទាក់ទិនក្នុងរឿងនេះ លោក សៅ អ៊ីត ប្រធានសមាគមន៍តំបន់ការពារធម្មជាតិអូរទង់ បានឱ្យដឹងថា៖ ក្រៅពីរបរជាកសិករ និងធ្វើកសិកម្មពលរដ្ឋនៅសហគមន៍របស់ លោក តែងដើររើសគ្រាប់សំរ៉ងសម្រាប់ទុកលក់ក្នុងការរកប្រាក់ចំណូល បង្កើន ជីវភាពគ្រួសារ។ ពួកគាត់អាចរកប្រាក់ចំណូលពីរបរមួយនេះ ក្នុងមួយរដូវ ប្រមាណ ១លានទៅ ២លានរៀល ។ គ្រួសារខ្លះទៀតដែលគេពូកែរើសអាចរកប្រាក់ចំណូល រហូតដល់ ៦លានរៀល និងខ្លះទៀតរហូតដល់ ១០លានរៀល ។
ជាញឹកញាប់ណាស់សហគមន៍របស់លោកតែងណែនាំ ក៏ដូចជាអប់រំផ្សព្វផ្សាយ ឱ្យពលរដ្ឋដែលចូលព្រៃដាច់ខាតមិនត្រូវបំផ្លាញព្រៃឈើ ដាក់អន្ទាក់សត្វព្រៃ ដែលជា ការព្រឹត្តិបទល្មើស និងក៏ដូចជាការបំផ្លិចបំផ្លាញធនធានធម្មជាតិដែលរាជរដ្ឋាភបាល កម្ពុជា កំពុងយកចិត្តទុកដាក់អភិរក្ស និងការពារឱ្យខានតែបានដែលជាប្រយោជន៍ ដល់មនុស្សជំនាន់ក្រោយ។
ប្រធានសមាគមន៍តំបន់ការពារធម្មជាតិអូរទង់រូបនេះបានបញ្ជាក់ប្រាប់ថា៖”ខ្ញុំបានណែនាំឱ្យពួកគាត់កុំឱ្យសម្លាប់សត្វព្រៃ កាប់ឈើ បេះផ្លែសំរ៉ងខ្ចី ដុតព្រៃ និង ពិសេសនោះកាប់ដើមសំរ៉ងតែម្តង ដែលចាត់ទុកថាជាការបំផ្លិច បំផ្លាញ ធ្ងន់ធ្ងរណាស់”។
ជាមួយគ្នានេះ លោក ស្រី ស្វឹងគា ក្រុម ប្រឹក្សា ឃុំ កុកឡាក់ បានឱ្យដឹងដែរថា៖តាមរយៈផ្លែសំរ៉ងនេះគឺពួកគាត់អាចនាំគ្នាទៅរើសផ្លែសំរ៉ងសម្រាប់រកប្រាក់កាស់គ្រាន់ដោះស្រាយជីវភាព។ក្នុងនេះគ្រួសារខ្លះអាចរកប្រាក់ចំណូល រហូតដល់ ២ ទៅ ៣ពាន់ដុល្លា ពួកគាត់អាចទិញម៉ូតូ ធ្វើផ្ទះ និងពេលរៀបការកូនគាត់ អាចយក ថវិការនេះទៅចាយវាយបានទៀតផង។អ្នកខ្លះទៀតបានថវិកា មកគាត់អាចយក ទៅទិញមាន់ ទិញជ្រូកសម្រាប់បង្កើតជាមុខរបរបន្ថែមក្នុងគ្រួសារ”។
លោកស្រីបានឱ្យដឹងទៀតថាដោយសារតែប្រជាសហគមន៍មានប្រាក់ចំណូលពួកគាត់លែងពឹងកពាក់ទៅលើការកាប់ឈើ កាប់ឬស្សី ដូចមុនទៀតឡើយគឺយើង ងាកមក ប្រើអនុផលព្រៃឈើដូចជារើសសំរ៉ងលក់នេះហើយដែលជាចំណូលសំខាន់មួយរបស់ពួកគាត់។
ដោយឡែក លោក មួនពន្លឺ សមាជិកសហគមន៍តំបន់ការពារធម្មជាតិអូរទង់ បានឱ្យដឹងដែរថា៖ក្រោយពីគ្រួសារខ្ញុំដើររើសសំរ៉ងលក់ឃើញថា ជីវភាពល្អ ប្រសើរឡើងជាងមុន។ក្នុងឆ្នាំ២០១៩ប្រាក់ចំណូលកាន់តែកើនឡើងក្នុង នេះ លោកបានទិញគោយន្ត និងធ្វើផ្ទះ ហើយពិសេសនោះលោកបានទិញម៉ូតូ ២គ្រឿងថែមទៀត។
ដោយមើលឃើញពីគុណតម្លៃនៃផ្លែសំរ៉ងនេះរូបលោកដែលបានចូលជាសមាជិកគណៈកម្មាធិការសហគមន៍បានអំពាវនាវឱ្យមានការ អភិរក្សព្រៃសំរ៉ង សំដៅធ្វើ យ៉ាងណាថែរក្សាឱ្យគង់វង្សតកូនតចៅដល់ជំនាន់ក្រោយ។យើងត្រូវរួមគ្នាថែរក្សា អភិរក្សកុំឱ្យគេកាប់ព្រៃ កុំដុតព្រៃឈើ ពីព្រោះថាផ្លែសំរ៉ងនេះបើប្រៀបធៀបគឺវាផ្តល់ នូវ ផលកម្រៃច្រើនជាងផលដំណាំយើងដាំតាមផ្ទះសម្បែងទៅទៀត។
លោក កាសុខាយ កសិករនៅភូមិឡាឡៃបានឱ្យដឹងដែរថាក្នុងការដើររើស ផ្លែសំរ៉ងនេះ ក្នុងមួយថ្ងៃលោកអាចរកបានចាប់ពី៥ដល់១០គីឡូក្រាម។តាមរយៈការដើររើសសំរ៉ងនេះធ្វើឱ្យជីវភាពពួកគាត់ផ្លាស់ប្តូរល្អប្រសើរជាងមុន។
លោក ផុន ខេមរិន ប្រធានមន្ទីរបរិស្ថានខេត្ត រតនគិរីបានបញ្ជាក់ប្រាប់ថា៖ដើម្បីការពារដើមសំរ៉ងឱ្យបានគង់វង្ស មន្ទីរបានធ្វើការចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាសហគមន៍មូលដ្ឋាន។ក្នុងនេះយើងនឹងធ្វើឱ្យគណៈកម្មាធិការយល់ដឹង និងត្រូវអប់រំផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបដល់ស្រទាប់ប្រជាពលរដ្ឋ។
ទន្ទឹមជាមួយការលើកឡើងបែបនេះលោកប្រធានមន្ទីរក៏បានគូសបញ្ជាក់ពីមន្ទីរបរិស្ថានរបស់លោកកំពុងធ្វើការសិក្សាធ្វើការផ្សាំមែកសំរ៉ង បើករណីជោគជ័យ មន្ទីរនឹងធ្វើការផ្សព្វផ្សាយបន្តទៀតដល់ប្រជាសហគមន៍ដើម្បីយកទៅដាំស្តារព្រៃសំរ៉ងឱ្យកើនចំនួនបន្ថែមទៀត។
គួរបញ្ជាក់ថា៖ផ្លែសំរងទុំ អាចយកមកធ្វើជាភេសជ្ជៈ បង្អែម ដែលអាចជួយដល់សុខភាព(ត្រជាក់ក្នុង)។ទីផ្សារសំរង មានតម្លៃពី៣០,០០០ ទៅ៣៥,០០០រៀលក្នុងមួយគីឡូក្រាម។ ផ្លែឈើប្រភេទនេះផ្តល់ផលនៅចន្លោះខែកុម្ភៈ និងខែមេសា។ដើមសំរងគេឃើញមានដុះច្រើននៅព្រៃជ្រៅនៅភាគឦសាន ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងមួយផ្នែកនៃខេត្តកោះកុង។ដើមសំរង មានរាងស្រលូន មិនសូវមានមែកបែក និងកម្ពស់ពី១០ ទៅ២៥ម៉ែត្រ។ ប្រភេទឈើហូបផ្លែនេះ ហុចផលចាប់ពីអាយុ១០ ឆ្នាំឡើងទៅ។ សំរងមួយដើម អាចផ្តល់ផលបានពី១០ ទៅ៥០គីឡូក្រាម អាស្រ័យដើមតូចឬធំ ៕
ដោយៈម៉ាដេប៉ូ







