ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្តេជ្ញាបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពតឱ្យអស់ពីកម្លាំងកាយចិត្ត និងធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តនេះមានស្នាមញញឹមគ្រប់ៗគ្នា

(កំពត)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តមប្តេជ្ញាថានឹងបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពតឱ្យអស់ពីកម្លាំងកាយចិត្តនិងកម្លាំងប្រាជ្ញា ហើយនឹងធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តនេះមានស្នាមញញឹមគ្រប់ៗគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថ្លែងក្នុងពេលបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពត នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មើលឃើញពីសក្តានុពលតំបន់ឆ្នេរនៅក្នុងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែបនិងខេត្តកោះកុង ដែលត្រូវរួមគ្នាអភិវឌ្ឍឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីឱ្យខ្មែរអាចរស់បាន មានន័យថាធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ មានលំនៅឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងកូនចៅបានទៅសិក្សារៀនសូត្រគ្រប់ៗគ្នា ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងអំពីសច្ចភាពប្រវត្តិសាស្ត្រដែលកម្ពុជាធ្លាប់បានជួបប្រទះជាច្រើនដំណាក់កាល និងស្ថានការណ៍នយោបាយពិភពលោក ដូចជាវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម ដោយបញ្ជាក់ថាការឯកភាពគ្នា ការរួបរួមសាមគ្គីគ្នាគឺពិតជានឹងធ្វើឱ្យប្រទេសជាតិក៏ដូចជាពិភពលោកមានសន្តិភាព និងភាពរីកចម្រើន គ្មានការបែកបាក់ ហើយប្រជាជននឹងរស់នៅដោយភាពសុខដុមរមនា។

កម្ពុជាបាននិងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុត ដោយបច្ចុប្បន្នប្រជាជនកម្ពុជា កំពុងរស់នៅក្រោមម្លប់សុខសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងបន្តមរតកសន្តិភាពដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានយុទ្ធសាស្ត្រក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយនិងកំណើនសេដ្ឋកិច្ច ហើយអត្ថន័យនៃសុខសន្តិភាពនេះនឹងដក់ជាប់នៅក្នុងផ្នត់គំនិតរបស់កូនខ្មែរជារៀងរហូត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែបមានស្នាមញញឹម មានសុខភាពល្អ ដោយចេះធ្វើលំហាត់ប្រាណ ដើម្បីសុខភាព ចង់ឃើញកូនចៅប្រជាពលរដ្ឋក្នុងខេត្តនេះបានចូលសិក្សា និងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ព្រមទាំងមានអនាគតល្អគ្រប់ៗគ្នា ដូច្នេះទាំងអស់គ្នាត្រូវមានការឯកភាពគ្នា សហការគ្នាអនុវត្តតាមតួនាទីភារកិច្ចដើម្បីឱ្យគោលដៅរួមនេះសម្រេចបានជោគជ័យ ជាប្រយោជន៍សម្រាប់ខេត្ត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner