ក្រសួងកសិកម្ម បើកកិច្ចប្រជុំស្តីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វ នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាទីផ្សារ សត្វ សាច់ និងផលិតផលសត្វនៅកម្ពុជា នាទីស្តីការក្រសួងកសិកម្ម ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងស្វែងយល់ពីស្ថានភាពពិតប្រាកដ និងគោលជំហររបស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកចិញ្ចឹមសត្វ អ្នកនាំចូល កុងស៊ីឬអ្នកកាប់ អ្នកចែកចាយ និងអ្នកលក់ ដើម្បីឈានទៅដោះស្រាយបញ្ហាទីផ្សារសត្វ ។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ថា ក្រសួងនឹងចាត់ចែងឱ្យមានការសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយ ដើម្បីវាយតម្លៃឱ្យបានច្បាស់លាស់ពីស្ថានភាព តម្រូវការ និងការផ្គត់ផ្គង់សត្វ ក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃ ដើម្បីដោះស្រាយ និងគ្រប់គ្រងបញ្ហានេះឱ្យបានល្អប្រសើរ និងដើម្បីផលចំណេញទាំងអស់គ្នា ក៏ដូចជាសុខុមាលភាពសម្រាប់អ្នកបរិភោគ។

ឯកឧត្តមរដ្ឋមន្ត្រី បានចាត់តាំង ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធ ស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វ ការធ្វើបំណែកសាច់តាមប្រភេទនិងស្តង់ដាគុណភាព ដើម្បីទទួលបានតម្លៃបន្ថែម និងធានាស្ថិរភាពតម្លៃទីផ្សារល្អ និងធានាផលចំណេញសមរម្យសម្រាប់អ្នកផលិត ចែកចាយ និងអ្នកបរិភោគ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner