ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា ដណ្តើមបានទីក្រុងដ៏សំខាន់មួយបន្ថែមទៀត
ណៃពិដោ៖ សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា នាល្ងាចថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសពីការវាយដណ្តើមបានទីក្រុងដ៏សំខាន់មួយទៀត ពីកណ្តាប់ដៃយោធា មានទីតាំងនៅតាមបណ្តោយព្រំដែនភាគខាងជើង ជាប់ព្រំទល់ជាមួយចិន។
សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានប្រកាសពីការវាយដណ្ដើមបានទាំងស្រុងទៅលើទីក្រុង Laukkai មានទីតាំងនៅតាមបណ្តោយព្រំដែនភាគខាងជើង ដែលមានព្រំទល់ជាប់ជាមួយប្រទេសចិន បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាច្រើនសប្តាហ៍ ជាមួយកងកម្លាំងរដ្ឋាភិបាល។
នេះគឺជាការវាយដណ្ដើមយកបានទីក្រុងមួយទៀតហើយ សម្រាប់សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចទាំងបី បន្ទាប់ពីកាន់កាប់បានទីតាំងយោធា និងមជ្ឈមណ្ឌលសម្រាប់ធ្វើពាណិជ្ជកម្មនៅក្នុងទីក្រុង Namhsan ភាគខាងកើតរដ្ឋសាន ដែលស្ថិតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសចិនកាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣។
បច្ចុប្បន្ន រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការគំរាមកំហែងដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីរដ្ឋប្រហារដណ្តើមអំណាចក្នុងឆ្នាំ២០២១ ស្របពេលដែលសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួនបី ដែលគេស្គាល់ថា សម្ព័ន្ធបងប្អូន ៣នាក់ ឬ “Three Brotherhood Alliance” បើកការវាយលុកទូទាំងប្រទេស ចាប់តាំងពីខែតុលា នៅភាគខាងជើងរដ្ឋសាន។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៧ ខែតុលាមក ក្រុមទ័ពព្រៃទាំងបីនេះដណ្តើមបានមូលដ្ឋានយោធាចំនួន ៤២២កន្លែង និងទីក្រុងចំនួន ៨ ពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បន្ទាប់ពីការប្រយុទ្ធគ្នាបានរាលដាលដល់ភាគខាងកើត និងភាគខាងលិចនៃប្រទេស។ បើតាមអង្គការសហប្រជាជាតិ (UN) ប្រជាជនជាងកន្លះលាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ដោយសារជម្លោះនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



