ឯកឧត្តម គុយ សុផល អញ្ជើញសម្ពោធឆ្លងសមិទ្ធិផលនានានៅវត្តចំប៉ី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋ មន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងលោកជំទាវ សុខ នារី គុយ សុផល កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងសមិទ្ធិផលនានា ដែលប្រព្រឹត្តទៅនៅវត្តចំប៉ី ស្ថិតក្នុងភូមិច្រមុះជ្រូក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត មាលា ញាណ ឡេង និងឯកឧត្តម លោកជំទាវ ជាសប្បុរសជននានា ព្រមទាំងមន្ត្រីអ្នកមុខអ្នកការក្រសួងព្រះបរមរាជវាំងជាច្រើនរូប។

ឯកឧត្តម គុយ សុផល មានប្រសាសន៍ថា ថ្លែងនូវការកោតសរសើរ នូវសមិទ្ធផលនានា មានដូចជា ផ្ទាំងគំនូរ ព្រះពុទ្ធបដិមា និងសំណង់សិល្បៈផ្សេងៗ នៅក្នុងវត្តចំប៉ី ស្ថិតក្នុងភូមិច្រមុះជ្រូក ឃុំប្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានលោកជំទាវ ទិត មាលា ភរិយាសពឯកឧត្តម ញាណ ឡេង និងឯកឧត្តម ឧត្តមសេនីយ៍ទោ ហាក់ ងូនឈាង និងលោកជំទាវ ឡេង ផលាភី ជាម្ចាស់សទ្ធាបានខិតខំប្រឹងប្រែង កសាងបន្តពីឯកឧត្តម ញាណ ឡេង ដែលបានទទួលមរណភាពទៅ សម្រាប់ជាទីគោរពសក្ការៈ របស់ពុទ្ធបរិស័ទជិតឆ្ងាយគោរពបូជាតទៅ ។

ឯកឧត្តម គុយ សុផល បានគូសបញ្ជាក់បន្តថា ក្រោយថ្ងៃ រំដោះ ៧មករា ឆ្នាំ១៩៧៩ វត្តចំប៉ី ក៏ដូចជាវត្តដ៏ទៃទៀត ព្រមទាំងរាល់ជំនឿសាសនា ត្រូវបានបង្កើតឡើងវិញ ក្រោយពីទីវត្តអារាម និងសមិទ្ធផលនានា ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី ដោយសង្គ្រាម និងត្រូវបានកសាងឡើងវិញជាបណ្តើរៗ ដោយមានការចូលរួមពីសំណាក់មហា ពុទ្ធបរិស័ទជាច្រើន បានចូលរួមសហការគ្នាកសាងដូចមានក្នុងរបាយការណ៍ស្រាប់ ជាពិសេស បានកែប្រែវត្តអារាមក្លាយទៅជាទីអារាមអភិរក្សវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់សាសនា ទុកជាកេរដំណែល សម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ។

ទន្ទឹមនឹងនេះ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងសូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោកតា លោកយាយ បងប្អូន មាមីង លោកគ្រូ-អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងជនរួមជាតិទាំងអស់ សូមមេត្តាជួយ ថែរក្សាសមិទ្ធផលនានាដែលបានកសាងរួចហើយនេះ ឱ្យបានគង់វង្សស្ថិតស្ថេរយូរអង្វែង សម្រាប់ពុទ្ធបរិស័ទគោរពបូជាតរៀងទៅ។

ក្នុងកម្មវិធីជាបន្តបន្ទាប់មក ឯកឧត្តម គុយ សុផល និងលោកជំទាវ សុខ នារី គុយ សុផល បានចែកជូនអំណោយដែលជាទឹកចិត្តដ៏សប្បុរសថ្លៃថ្លារបស់ឯកឧត្តម និងលោកជំទាវ ជូនដល់តំណាងសិស្សានុសិស្ស យុវជនកាកបាទក្រហម និងយុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាការពារ និងប្រជារាស្ត្រក្រីក្រ ទទួលបានឃីតចំនួន១ ក្នុងនោះមាន មុង១ ភូយ១ ក្រមា១ សារុង១ និងថវិកាមួយចំនួន ដើម្បីដោះស្រាយជីវភាពរបស់បងប្អូនក្នុងមូលដ្ឋាននេះ។

ឯកឧត្តម គុយ សុផល និងលោកជំទាវ បានអញ្ជើញចែកជូនអំណោយដល់ប្រជារាស្ត្រក្រីក្រដែលមានវត្តមានក្នុងវត្តចំប៉ីនេះ ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានឃីតតចំនួន១ ក្នុងនោះមាន មុង១ ភូយ១ ក្រមា១ សារុង១ និងថវិកាមួយចំនួន ដើម្បីដោះស្រាយជីវភាពរបស់បងប្អូនក្នុងមូលដ្ឋាននេះផងដែរ៕

ដោយ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner