មេដឹកនាំក្រុមហាម៉ាសជំរុញឱ្យអាមេរិកបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល
វ៉ាស៊ីនតោន៖ មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយ៉េ បានអំពាវនាវឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ប្រើដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ារបស់ខ្លួន ដើម្បីបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
នៅក្នុងសារជាវីដេអូមួយបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រុមហាម៉ាស កាលពីល្ងាចថ្ងៃសុក្រ មេដឹកនាំក្រុមនេះ គឺលោក អ៊ីស្មេល ហានីយ៉េ និយាយថា ការគាំទ្ររបស់អាមេរិកដល់យុទ្ធនាការយោធារបស់អ៊ីស្រាអែល បានបង្កឱ្យមានការសម្លាប់រង្គាល និងឧក្រិដ្ឋកម្មសង្គ្រាមដែលមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងប្រជាជនរបស់យើងនៅតំបន់ហ្គាហ្សា។
ប្រធានក្រុមហាម៉ាសដែលមានមូលដ្ឋាននៅប្រទេសកាតារូបនេះបន្ថែមថា យើងសង្ឃឹមថា លោក ប្លីងគែន នឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើការបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែល ក៏ដូចជាការកាន់កាប់ទឹកដីប៉ាឡេស្ទីនទាំងអស់។ លោក ហានីយ៉េ ក៏បានជំរុញឱ្យមេដឹកនាំក្នុងតំបន់ដែលត្រូវជួបលោក ប្លីងគែន ប្រាប់ប្រមុខការទូតអាមេរិករូបនេះថា ស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងបុព្វហេតុប្រជាជនប៉ាឡេស្ទីនរបស់យើង។
ការអត្ថាធិប្បាយបែបនេះរបស់លោក ហានីយ៉េ កើតឡើងស្របពេលដែលលោក ប្លីងគែន នឹងត្រូវជួបមេដឹកនាំតួកគី និងក្រិក ក្នុងការចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ១សប្តាហ៍ ដែលមានគោលបំណងកាត់បន្ថយភាពតានតឹងនៅទូទាំងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលាមក។
ផ្តើមចេញពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅលើទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា សម្លាប់មនុស្ស ១,២០០នាក់ អ៊ីស្រាអែលបានសងសឹកវិញ មានទាំងការវាយលុកតាមផ្លូវអាកាស សមុទ្រ និងផ្លូវគោក សម្លាប់ប្រជាជនប៉ាឡេស្ទីនប្រមាណ ២២,៦០០នាក់ នេះបើតាមអាជ្ញាធរក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


