សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យធ្វើឱ្យបានល្អ នូវទិសដៅសំខាន់ៗឆ្នាំ២០២៤ នេះ ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌
ភ្នំពេញ៖ ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៤) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គមីទ្ទីង តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ មករា ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រយៈពេល ៥ឆ្នាំខាងមុខនេះ ជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ ២០៣០ និងរយៈពេលវែងនៅឆ្នាំ ២០៥០។
សម្ដេចបន្តថា ក្នុងន័យនេះ សម្រាប់ឆ្នាំ ២០២៤ ត្រូវប្រមូលធ្វើឱ្យបានល្អនូវទិសដៅសំខាន់ៗដូចខាងក្រោម៖
១- ការប្ដូរផ្ដាច់ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ព្រមទាំងការធានានូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ពលរដ្ឋ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងបទបញ្ញត្តិច្បាប់ជាធរមាន ។
២- ការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក ការពារអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យជនណាមកបំពារបំពានបានឡើយ ។
៣- ការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា-ភិបាលនីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាតាមការសង្ឃឹម និងជឿទុកចិត្តរបស់ប្រជាជន ។
៤- ការបន្តរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាចីរភាពនៃកំណើនប្រកបដោយបរិយាបន្ន តាមរយៈការគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិតសមស្រប និងការរក្សាស្ថិរភាពអាត្រាប្ដូរប្រាក់ ព្រមទាំងជំរុញការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងមុតស្រួច ។
៥- ការរក្សាលំនឹងនៃជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គមដែលរួមបញ្ចូលនូវរបបជំនួយសង្គម និងរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ ។
៦- ការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ, ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា តាមរយៈការអនុវត្តកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយ ដែលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាជាមួយគណបក្សចំនួន ២៧ ផ្សេងទៀត កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ក៏ដូចជាការជំរុញអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រកបដោយប្រសិទ្ធភាព ។
៧- ការគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឱ្យប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
៨- ការបន្តជំរុញអនុវត្តនូវនយោបាយការបរទេសដោយឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ យកចិត្តទុកដាក់ខ្ពស់ដល់ការថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក៏ដូចជាមួយប្រទេសដៃគូទាំងក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងការបន្តចូលរួមសកម្មដើម្បីបុព្វហេតុ សន្តិភាព ស្ថិរភាព និងការប្រយុទ្ធនឹងបញ្ហាប្រឈមនានានៃពិភពលោក។
ក្នុងឱកាសដ៏ឱឡារិកនេះ ក្នុងនាម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ប្រធានគណកប្សប្រជាជនកម្ពុជា សូមសម្ដែងនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិទាំងនៅក្នុង និងនៅក្រៅប្រទេស ដែលបានផ្ដល់ការគាំទ្រយ៉ាងរឹងមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល៤៥ឆ្នាំកន្លងមក ធ្វើឱ្យគណបក្សអាចបំពេញបេសកកម្មក្នុងការបម្រើប្រទេសជាតិដោយជោគជ័យ។ គណបក្សប្រជាជនកម្ពុជានឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសេចក្ដីសុខ វឌ្ឍនភាព និងសុភមង្គលរបស់ជាតិ និងប្រជាជន។ សម្ដេចក៏សូមថ្លែងអំណរគុណជាអនេកប្បការ ចំពោះបណ្ដាប្រទេសជាមិត្តជិតឆ្ងាយ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល ហើយកំពុងតែបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការ ប្រកបដោយផ្លែផ្កាជាមួយព្រះរាជាណាចក្រកម្ពុជា ៕
ដោយ: វណ្ណលុក




