សម្ដេចតេជោ ហ៊ុន សែន ៖ បើគ្មានជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ ស្មារតី៧មករា ចារិកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ជោគជ័យ និងការសប្បាយរីករាយរបស់ប្រជាជនកម្ពុជាយើងនៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៤) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គមីទ្ទីង តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

សម្ដេចតេជោ បានលើកឡើងថា តាមរយៈបណ្ដាសមិទ្ធផលជាប្រវត្តិសាស្ត្រដែលយើងសម្រេចបានទាំងអស់ បានបង្ហាញច្បាស់ថា កម្ពុជា បាននិងកំពុងឈានទៅមុខតាមមាគ៌ាមួយដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របជាមួយនឹងសភាពការណ៍ជាក់ស្ដែងទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។ ព្រមជាមួយនោះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់ជនជាតិ និងគ្រប់ជំនឿសាសនា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន កម្មករ កសិករ អាជីវករ ព្រះសង្ឈ បព្វជិតនៃសាសនានានា បញ្ញវន្ដ វិនិយោគិន និងមជ្ឈដ្ឋានចម្រើនជឿនលឿនទាំងឡាយក្នុងសង្គម ប្រកបដោយមនសិការស្នេហាជាតិយ៉ាងជ្រាលជ្រៅ ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ ។

សម្ដេចបានបញ្ជាក់ថា ជោគជ័យ និងការសប្បាយរីករាយរបស់ប្រជាជនកម្ពុជាយើងនៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។
ស្មារតី៧មករា ចារិកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិដើម្បីកសាង និងការពារមាតុភូមិប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិយើងបានឈានឡើងពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ។

សម្ដេចបន្ថែមថា ស្មារតី៧ មករា មានគុណតម្លៃធំធេងជាអមតៈ សម្រាប់ប្រជាជនយើង ក្នុងការបន្តដំណើរទៅមុខទៀត ដើម្បីកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ព្រមជាមួយនោះ យើងទាំងអស់គ្នាក៏ត្រូវយល់ឱ្យបានច្បាស់ថា បើគ្មានសន្តិភាពក៏មិនអាចមានការអភិវឌ្ឍ និងមានអ្វីៗដូចថ្ងៃនេះដែរ។ សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់ ពុំនោះសោតរាប់តំណមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ អាស្រ័យហេតុនេះ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្ដី។

សម្ដេចតេជោ បានបន្តថា ក្នុងជំហរដ៏មុតមាំនេះ គណបក្សប្រជាជនកម្ពុជា សូមអបអរសាទរ និងគាំទ្រទាំងស្រុងនូវសេចក្ដីសម្រេចរបស់រាជ-រដ្ឋាភិបាលតាមរយៈអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤ ដែលបានកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណា-ចក្រកម្ពុជា និងជាថ្ងៃឈប់សម្រាកសាធារណៈ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ឆ្លងកាត់រយៈពេល ៤៥ឆ្នាំមកនេះ ប្រជាជនបានឃើញច្បាស់ហើយនូវសារជាតិ និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សជាតំណាងនៃផលប្រយោជន៍ដ៏បរិសុទ្ធរបស់ប្រជាជនទាំងមូល គណបក្សបានផ្សារភ្ជាប់ រួមសុខរួមទុក្ខ ជានិច្ចជាមួយប្រជាជន បានដឹកនាំប្រជាជនពុះពារឆ្លងកាត់រាល់ឧបសគ្គ និងការលំបាកទាំងឡាយប្រកបដោយជោគជ័យ។ ប្រាកដណាស់ថា បំណងប្រាថ្នារបស់យើងនៅពុំទាន់សម្រេចបានទាំងស្រុងឡើយ យើងត្រូវបន្តធ្វើដំណើរវែងឆ្ងាយទៀត ដើម្បីកសាងមាតុភូមិជាទីស្រឡាញ់នៃយើងឱ្យក្លាយជាប្រទេសមួយដ៏ជឿនលឿន ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្ដីស្រឡាញ់ ដែលគ្មានការកើតមានជាថ្មីទៀតនូវការបែកបាក់ជាតិ សង្គ្រាម និងអំពើប្រល័យពូជសាសន៍ដូចពីអតីតកាល។

ប៉ុន្តែពេលវេលាបានសាកល្បងឆន្ទៈ និងសមត្ថភាពយើងរួចហើយ យើងពិតជានឹងអាចសម្រេចបាននូវគោលបំណងដ៏ឧត្តុង្គឧត្តមនេះ ឱ្យតែយើងរក្សាបាននូវសាមគ្គីភាពជាតិដ៏រឹងមាំ មានការប្ដេជ្ញាចិត្តក្នុងភាពជាម្ចាស់ និងមានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ។ ក្នុងស្មារតីនេះ យើងមានការជឿជាក់ចំពោះជួរយុវជនដ៏ច្រើនកុះកររបស់យើងដែលកំពុងមានការរីកចម្រើន ទាំងខាងចំណេះដឹង សីលធម៌ និងកាយសម្បទា ហើយកំពុងបំពេញកិច្ចរបស់ខ្លួនយ៉ាងស្វាហាប់ប្រកបដោយមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅ ក្នុងនាមជាអ្នកបន្តវេនក្ដាប់ជោគវាសនាអនាគតរបស់ជាតិ ៕ដោយ: វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner