ឯកឧត្តម ញ៉ែម សំអឿន៖ ផ្លូវប្រវែង ៣៨គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិ៧៨ ឆ្ពោះទៅ ឃុំហាត់ប៉ក់ ស្រុកវើនសៃ រាជរដ្ឋាភិបាលសម្រេច ស្ថាបនាក្រាលកៅស៊ូប្រភេទ DBST

(រតនគិរី )៖ ក្នុងឱកាសដឹកនាំប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក ពាក់ព័ន្ធមួយចំនួនអញ្ជើញចុះពិនិត្យផ្លូវមួយខ្សែប្រវែង ៣៨គីឡូម៉ែត្រនាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានប្រសាសន៍ ថា ផ្លូវប្រវែង ៣៨គីឡូម៉ែត្រស្ថិតក្នុងភូមិសាស្រ្តក្រុងបានលុង ស្រុកអូរជុំ និងស្រុក វើនសៃ គឺស្ថិតក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមជំនួយ ពីសាធារណៈ រដ្ឋ កូរ៉េ តែគម្រោងជំនួយនេះមានរយៈពេលយូរពេកជាហេតុធ្វើអោយ ប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរ និងចរាចរណ៍កសិផលទៅវិញទៅមក ។

ដូច្នេះហើយរាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានសម្រេច កសាងស្ថាបនា ផ្លូវនេះ ដោយក្រាលកៅស៊ូប្រភេទ DBST ដោយ មិន រង់ចាំគម្រោងជំនួយពីសាធារណៈកូរ៉េទៀតឡើយ ពោលគឺ រាជរដ្ឋាភិបាលនឹងចាប់
ផ្តើមស្ថាបនាតែម្តង ។ ជាក់ស្តែងថ្ងៃនេះ គឺយើងសម្រេចបើកការដ្ឋាន ស្ថាបនាចំនួន ៥គីឡូ ៦០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ពីចំណុចផ្លូវជាតិលេខ៧៨ ស្ថិតក្នុងឃុំកាចាញ ក្រុងបានលុងមកទឹកធ្លាក់ចាអ៊ុង ស្ថិតក្នុងឃុំចាអ៊ុង ស្រុកអូរជុំ អនុវត្តដោយមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត ហើយនៅឆ្នាំបន្តបន្ទាប់យើងនឹងធ្វើជាជំហ៊ានៗ រហូតដល់ឃុំហាត់ប៉ក់ ស្រុកវើនសៃតែម្តង។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានកោតសសើរនិងវាយ តម្លៃខ្ពស់ ចំពោះ ប្រជាពលរដ្ឋចំនួន ៣១០គ្រួសារ ក្នុងឃុំចាអ៊ុង បានសាមគ្គីគ្នា ចាក់ផ្លូវបេតុត្រង់ចំណោទផ្លូវដែលពិបាកប្រវែង ៧០ម៉ែត្រទទឹង ២ម៉ែត្រកន្លះ កំពស់ ១០សង់ទីម៉ែត្រ ដែលនេះជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋផ្សេងទៀត ៕

ដោយ ៖ គតិ យុត្ត

ads banner