អ្នកមកដល់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកមុនដំបូងក្រោយថ្ងៃ៧មករានិយាយថា៖គួរឱ្យខ្លាច និង សោកសង្រេង
(ភ្នំពេញ)៖ ក្រោយថ្ងៃរំដោះ ៧មករា មួយថ្ងៃពោលគឺថ្ងៃទី ៨ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំបានមកដល់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះ ឃើញមានរណ្តៅជាច្រើនកន្លែងដែលពេលដើរទៅដីផុលៗ និងអន្ធិលៗមិនដឹងថាជាអ្វី។ទីកន្លែងនេះមានរណ្តៅច្រើនណាស់មើលទៅសភាពគួរឱ្យចម្លែក និងសង្ស័យ។ ក្រោយពេលដែលដឹងថាទីកន្លែងនេះត្រូវបានពួកប៉ុលពតសម្លាប់ពលរដ្ឋខ្មែរយ៉ាងរង្គាល និងដ៏ឃោឃៅបំផុតនេះ ខ្ញុំមានការតក់ស្លុត និងសោកសង្រេងខ្លាំងណាស់”។ នេះជាការ លើកឡើងរបស់ លោក ឈុំ ឈិន ដែលបានអះអាងថា លោកបានមកដល់ទីកន្លែងនេះមុនគេក្រោយថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ។
មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានចំងាយប្រមាណជា១៧គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

លោក ឈុំ ឈិន បច្ចុប្បន្នគឺជាប្រធានភូមិប្រចាំនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅសម័យប៉ុលពត លោកត្រូវបានពួកវាបង្ខំឱ្យធ្វើការយ៉ាងទម្ងន់ និងឱ្យរស់នៅទីកន្លែងក្បែរតំបន់នេះផងដែរ។
លោក ឈុំ ឈិនបានឱ្យដឹងថា អំឡុងថ្ងៃ៧មករាឆ្នាំ១៩៧៩លោកអាយុ២០ឆ្នាំ ហើយនៅពេលកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមវាយបែកទីក្រុងភ្នំពេញថ្ងៃ៧មករា និងបន្ទាប់ពីនោះមួយថ្ងៃពោលគឺនៅថ្ងៃទី ៨ ខែមករាឆ្នាំ១៩៧៩ លោកក៏មានបំណងដើរចូលទៅកាន់ទីក្រុងភ្នំពេញដើម្បីមករកជ័យភណ្ឌពិសេសអង្ករសម្រាប់ទុកបរិភោគ។
បុរសវ័យ ៦៦ឆ្នាំ ដែលបានចូលមកឃើញទីតាំងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកដែលជាទីកន្លែងសម្លាប់ពលរដ្ឋខ្មែរយ៉ាងរង្គាលបំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានឱ្យដឹងថា៖”ថ្ងៃទី៨ខែមករា ឆ្នាំ ១៩៧៩ម៉ោងប្រហែល៩ព្រឹកខ្ញុំបានដើរចូលមកកាន់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះដោយសង្ឃឹមថានឹងមានអង្ករ និងរបស់ហូបចុកព្រោះឃើញគេបាំងពីក្រៅមើលទៅដូចជាកន្លែងធ្វើអ្វីមួយ ។ ពេលចូលមកដល់ខ្ញុំឃើញកងឈ្លបខ្មែរក្រហមម្នាក់កាន់កាំភ្លើងយាមនៅរោងមួយដោយការប្រុងប្រយ័ត្នបំផុត។បើតាមខ្ញុំគិតកងឈ្លបដទៃទៀតប្រហែលរត់គេចខ្លួនអស់ហើយ។កងឈ្លបម្នាក់នេះមិននិយាយអ្វីទាំងអស់ តែមើលសភាពដូចជាកំពុងភិតភ័យពីសន្តិសុខផ្ទាល់ខ្លួនអញ្ចឹង”។

លោក ឈុំ ឈិនបានឱ្យដឹងទៀតថា៖”ថ្ងៃនោះខ្ញុំឃើញរណ្តៅច្រើនណាស់ ហើយមានក្លិនមិនល្អសោះ ពេលដើរកាត់រណ្តៅនីមួយៗមានសភាពផុសៗ និងអន្ធិលៗហាក់ដូចគេកប់អ្វីមួយពីខាងក្រោម ។តាមរណ្តៅទាំងនេះពួកខ្មែរក្រហមក៏បានដាំកូនដូងតូចៗនៅឡើយដើម្បីបិតបាំងអំពើឃោឃៅរបស់វា។បើតាមខ្ញុំគិតសាកសពទាំងនោះមិនទាន់រលួយអស់ទេ។ខ្ញុំដូចជាព្រឺខ្លួនដោយភ័យខ្លាចណាស់។ថ្ងៃនោះបើកងឈ្លបម្នាក់នោះបាញ់សម្លាប់ខ្ញុំពិតជាគ្មានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ”។
ដោយរំលឹកកាលសម័យនោះ បុរសជាប្រធានភូមិរូបនេះបានឱ្យដឹងដែរថា៖”អំឡុងឆ្នាំ១៩៧៩និង១៩៨០មានពលរដ្ឋមួយចំនួនបានជីករណ្តៅសាកសពទាំងនេះដែរ ដើម្បីរកមើលមាស និង របស់របរមានតម្លៃជាប់ខ្លួនសាកសព ។ ក្នុងនេះគេឃើញសាកសពភាគច្រើនមានក្រម៉ាក្រហមជាប់ខ្លួន ហើយបើតាមខ្ញុំគិតអ្នកគេសម្លាប់ច្រើនតែមកពី ភូមិភាគបូព៌ាតែម្តង ។ ក្រម៉ាទាំងនោះថ្មីៗនិងសម័យនោះដោយសារយើងទើបតែងើបពីរបបព្រៃផ្សៃអត់ឃ្លាននិងក្រីក្រអ្នកខ្លះបានយកក្រម៉ាទាំងនេះទៅបោកប្រើប្រាស់ផង”។

ជាមួយការរំលឹកប្រាប់ពីអតីតកាលនាសម័យប៉ុលពតនេះដែរ លោក ឈុំ ឈិនបានបង្ហាញការឈឺចាប់និងផលលំបាកធ្ងន់ធ្ងរក្នុងពេលដែលក្រុមអាវខ្មៅបង្ខំឱ្យធ្វើការយ៉ាងលំបាកនិងបង្អត់អាហាររូបរាងកាយស្គមស្គាំងស្ទើរតែពុំមានជីវិតអាចររស់នៅបាន។
គួរបញ្ជាក់ថាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ និងជាកន្លែងដែលបង្ហាញឱ្យឃើញពីប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាន ដោយសារទីនេះជាអតីតកន្លែងពិឃាតអ្នកទោស ក្រោយពីជាប់ឃុំឃាំង និងសួរចម្លើយរួចពីគុកទួលស្លែង នាសម័យរបប ប៉ុលពត។បច្ចុប្បន្នក្លាយជាទីតាំងមណ្ឌលទេសចរណ៍ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ១៩៧៥-១៩៧៩ ហើយភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនាសិក្សាស្រាវជ្រាវអំពីប្រវត្តសាស្ត្រ សម័យកាលជូរចត់ ។ យោងតាមឯកសារស្រាវជ្រាវ ដែលបន្សល់ទុកឃើញថា មានប្រជាពលរដ្ឋស្លាប់ក្រោមការចោទប្រកាន់ ពីរបបខ្មៅងងឹត ប៉ុល ពត ជនរងគ្រោះស្លាប់ នៅសារមន្ទីរជើងឯក ប្រមាណ២០០០០នាក់ ។ អ្នកទោសដែល បញ្ជូនចេញពីមន្ទីរឃុំឃាំងទួលស្លែង ឬ ហៅថា «គុកទួលស្លែង» ឬ «មន្ទីរសរ២១» មកសម្លាប់នៅ វាលពិឃាតជើងឯក ៕










អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ជីម ភារ៉ា