ប្រមុខការទូតជប៉ុនទៅអ៊ុយក្រែន ដើម្បីបង្ហាញការគាំទ្រ
តូក្យូ៖ មន្ត្រីម្នាក់និយាយថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី យ៉ូកូ កាមីកាវ៉ា នៅថ្ងៃអាទិត្យនេះ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយសមភាគីរបស់លោកស្រី គឺលោក ឌីមីត្រូ ខូលេបា បង្ហាញពីការបន្តគាំទ្ររបស់ទីក្រុងតូក្យូដល់ទីក្រុងគៀវ។
ក្រសួងការបរទេសជប៉ុនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី យ៉ូកូ កាមីកាវ៉ា បានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន បន្ទាប់ពីចាកចេញពីទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ នៅថ្ងៃអាទិត្យនេះ។ អំឡុងទស្សនកិច្ចខាងលើ លោកស្រី កាមីកាវ៉ា នឹងបញ្ជាក់ម្តងទៀតទៅភាគីអ៊ុយក្រែនថា គោលនយោបាយជាប់លាប់របស់ជប៉ុន ក្នុងការឈរជាមួយ និងគាំទ្រអ៊ុយក្រែននៅតែមិនផ្លាស់ប្តូរ។ បន្ថែមលើនេះ លោកស្រី កាមីកាវ៉ា ក៏នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ ហើយប្រឆាំងនឹងការប្រើកម្លាំងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដូចជាការលុកលុយរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ លោកស្រី កាមីកាវ៉ា ក៏នឹងប្រាប់ភាគីអ៊ុយក្រែន អំពីព័ត៌មានលម្អិតនៃគម្រោងជំនួយ ដែលជប៉ុននឹងផ្តល់ជូនទីក្រុងគៀវផងដែរ។ គួរបញ្ជាក់ថា ជប៉ុនបានគាំទ្រដល់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ដោយបានពង្រីកទណ្ឌកម្មប្រឆាំងនឹងក្រុងមូស្គូ រួមទាំងការហាមឃាត់ការនាំចេញ និងការបង្កកទ្រព្យសកម្ម។ មិនតែប៉ុណ្ណោះ ជប៉ុននឹងធ្វើជាម្ចាស់ផ្ទះសន្និសីទមួយនៅក្នុងទីក្រុងតូក្យូ នាខែកុម្ភៈខាងមុខ ដើម្បីលើកកម្ពស់ការស្តារសេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញ។ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស្មីហាល់ ក៏នឹងចូលរួមសន្និសិទនេះផងដែរ៕




ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា