សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាន សម្តេច តេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយកម្មករ និយោជិត ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
កោះកុង៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ មករា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង” ។
នេះគឺជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ បងប្អូនកម្មករ និយោជិត ចំនួន ១១ ០០០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ៥ រួមមាន៖ ប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១ រោងចក្របង្គុំខ្សែភ្លើង ចំនួន ១ រោងចក្របរិក្ខារអេឡិចត្រូនិក ចំនួន ១ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្រដំឡើងរថយន្ត និងបង្គុំខ្សែភ្លើង ចំនួន ១ ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា រយៈពេល៤ខែ នៃការចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនីតិកាលទី៧នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំក្រសួងការងារអនុវត្តអនុសាសន៍ទាំង៦ចំណុចរបស់នាយករដ្ឋមន្ត្រីគ្រប់ជ្រុងជ្រោយ។ ជាអនុសាសន៍ដែលសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ចំនួន ៦ចំណុចកាលពីថ្ងៃទី២៩ ខែសីហា ដើមអាណត្តិដើម្បីអនុវត្តឱ្យបាននៅឆ្នាំ២០២៣ រួមមាន ទី១. ការកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកញ្ញាចំនួន២០២ដុល្លារតាមរយៈយន្តការការចរចាត្រីភាគីរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា និង សមហតេចធិបតីបន្ថែម២ដុល្លាទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាមានចំនួន២០៤ដុល្លាសម្រាប់ឆ្នាំ២០២៤។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ត្រូវសម្រេចឱ្យបាននូវមុនពិធីបុណ្យភ្ជុំបិណ្ឌនៅថ្ងៃទី១៣ ខែតុលា។
កិច្ចការងារទី២ ដែលសម្រេចបានគឺ ការរៀបចំដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.។ កិច្ចការដ៏សំខាន់នេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីមន្ត្រីប្រកាសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបើគិតពីពេលនោះ មកដល់ត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ មានក្រុមគោលដៅចំនួន១០២ ៦០៤នាក់ បានចុះបញ្ជី និងបានទៅប្រើប្រាស់សេវាចំនួន ចំនួន ៤៦ ៩១២ដង។
លើសពីនេះទៅទៀត សម្រាប់កិច្ចការទី៣ដែលសម្រេចគួរឱ្យកត់សម្គាល់មួយទៀត គឺ ការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ កិច្ចការនេះ ក៏ត្រូវបានប្រកាសដោយសម្តេចនាយករដ្ឋមន្ត្រី ប្រកាសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ។ ហើយបច្ចុប្បន្ននេះ មានក្រុមគោលដៅប្រមាណជិត២ម៉ឺននាក់ បានចុះឈ្មោះចូលរៀនរួចរាល់ហើយ។ ចំពោះកិច្ចការទី៤ ក្រសួងបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ចំនួន ១៧រួចរាល់ដើម្បីបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។
ដោយឡែកកិច្ចការឧបត្ថមសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ដែលជាកិច្ចការសំខាន់ទី៥ ក្រសួងបានអនុវត្តការងារនេះយ៉ាងខ្ជាប់ខ្ជួនចាប់តាំងពីខែសីហារហូតមក។ បើគិតចាប់តាំងពីខែសីហារហូតដល់ថ្ងៃទី២០ ខែវិច្ឆិកានេះ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង ៦លានដុល្លារអាមេរិកសម្រាប់កម្មការិនី មន្ត្រីរាជការ មន្ត្រិកិច្ចសន្យាជាស្ត្រីទៅពិនិត្យសុខភាព មុន ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាកសាំងជិត៦ម៉ឺននាក់។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីកាលពីថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ ។
សម្រាប់ការងារចុងក្រោយទី៦ ស្តីពីសហគ្រាសមួយ គឺសហគមន៍សុខសាន្តមួយ ក្រសួងការងារ បានដាក់ចេញយន្តការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច មន្ត្រីផ្សះផ្សារវិវាទការងារ និងការពង្រឹងវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួង នឹងដាក់ចេញនូវយុទ្ធនាការប្រឡងប្រណាំងយកពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤នេះតទៅ។ ក្រៅពីសម្រេចអនុសាសន៍ទាំង៦នោះ អនុសាសន៍ចំនួន៤ចំណុចផ្សេងទៀត ក៏ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីវឌ្ឍនភាពចំនួន៤ចំណុចផ្សេងទៀតដែលក្រសួងបានសម្រេចផងដែរ។
ទន្ទឹមគ្នានេះ ចាប់ពីឆ្នាំ២០២៤ តទៅ កម្មករកម្មការិនីទាំងអស់នឹងទទួលបានប្រាក់ឈ្នួលគោល២០៤ដុល្លារក្នុងមួយខែតាមសេចក្តីសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រីដែលបានបន្ថែមចំនួន២ដុល្លារលើទឹកប្រាក់២០២ដុល្លារដែលសម្រេចដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាដែលបោះឆ្នោតជ្រើសរើសបន្ថែម២ដុល្លារលើប្រាក់ខែគោលចំនួន២០០ដុល្លារនៅឆ្នាំ២០២៣។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសការដំឡើងប្រាក់ឈ្នួល ជូនដល់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន៤ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) របស់កម្មករកើនដល់សរុប ២០៤ដុល្លារក្នុង១ខែ ដែលក្នុងចំនួននេះ សម្តេចនាយករដ្ឋមន្ត្រីប្រកាសបន្ថែម ២ដុល្លារ។
ក្រៅពីប្រាក់ឈ្នួលគោល២០៤ដុល្លារហើយនោះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិត ទទួលបានកន្លងមក ត្រូវបាន រក្សាទុកនៅដដែល ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់ រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោង ដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់ រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាមេរិក ដល់ ១១ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បញ្ជាក់ថា ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២១ (ពីររយ ម្ភៃមួយ) ដុល្លារអាមេរិក ដល់ ២៣២ (ពីររយសាមសិបពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ។ ក្រៅពីការដំឡើង ប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងបន្តខិតខំសហការគ្នា ដើម្បីកាត់បន្ថយបន្ទុកចំណាយនានារបស់បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់៕
ដោយ ៖ វណ្ណលុក