ចិនដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន៥ ពាក់ព័ន្ធនឹងការលក់អាវុធដល់តៃវ៉ាន់

ប៉េកាំង៖ ប្រទេសចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនការពារជាតិអាមេរិកសរុបចំនួន៥ ឆ្លើយតបការចូលរួមពាក់ព័ន្ធរបស់ពួកគេ ក្នុងការលក់សម្ភារការពារជាតិឱ្យកោះតៃវ៉ាន់។

ក្រសួងការបរទេសចិន នៅថ្ងៃអាទិត្យសប្តាហ៍មុន បានប្រកាសពីឈ្មោះក្រុមហ៊ុនអាមេរិកចំនួន៥ ដែលខ្លួនដាក់ទណ្ឌកម្ម មានដូចជា BAE Systems Land and Armament, Alliant Techsystems Operation, AeroVironment, ViaSat និង Data Link Solutions។

ក្រសួងការបរទេសចិនបានបញ្ជាក់ថា ចំណាត់ការទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនទាំងនោះ ដែលមាននៅចិន ទាំងចលនទ្រព្យនិងអចលនាទ្រព្យ ការហាមឃាត់ស្ថាប័ន និងបុគ្គលនៅក្នុងប្រទេសចិន មិនឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ឬកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនទាំងនោះ។

គួរបញ្ជាក់ថា កាលពីខែធ្នូឆ្នាំមុន ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់សម្ភារទាក់ទងវិស័យការពារជាតិទំហំ ៣០០លានដុល្លារឱ្យទៅតៃវ៉ាន់ ជាហេតុនាំឱ្យទីក្រុងប៉េកាំង ចេញមុខព្រមានចាត់វិធានការវាយបក ប្រឆាំងលើក្រុមហ៊ុនអាមេរិកទាំងឡាយណា ដែលជាប់ពាក់ព័ន្ធ។ បន្ថែមលើនេះ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធខ្លាំងលើកោះតៃវ៉ាន់ ចាប់តាំងពីលោកស្រី ត្សៃ អ៊ីងវិន បានឡើងជាប្រធានាធិបតីដែនកោះនេះកាលពីឆ្នាំ២០១៦៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner