អគ្គិភ័យលេបត្របាក់ជំរុំជនជាតិរ៉ូហ៊ីងយ៉ាងនៅបង់ក្លាដែស
ដាក្កា៖ មន្ត្រីម្នាក់ នៅថ្ងៃអាទិត្យសប្តាហ៍មុននិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់នៅក្នុងប្រទេសបង់ក្លាដែស បានបាត់បង់ទីជម្រក បន្ទាប់ពីជំរុំរបស់ពួកគេ ត្រូវអគ្គិភ័យឆេះបំផ្លាញអស់ជិត ៨០០កន្លែង។
ប្រទេសបង់ក្លាដែស គឺជាទីជម្រករបស់ជនជាតិរ៉ូហ៊ីងយ៉ាប្រហែលមួយលាននាក់ ដែលភាគច្រើនបានភៀសខ្លួនចេញពីការបង្រ្កាបដោយរបបយោធាក្នុងឆ្នាំ ២០១៧ ទៅកាន់ប្រទេសជិតខាងមីយ៉ាន់ម៉ា ដែលឥឡូវនេះស្ថិតក្រោមការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ជុំវិញអំពើប្រល័យពូជសាសន៍។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ៧,០០០នាក់បានបាត់បង់ផ្ទះសម្បែង ព្រោះភ្លើងឆេះ ប៉ុន្តែជាសំណាងល្អ មិនមានអ្នកស្លាប់ ឬរបួសនោះទេ។ ស្នងការទទួលបន្ទុកជនភៀសខ្លួន លោក Mizanur Rahman និយាយថា ភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងជំរកឬស្សី និងតង់ នៅព្រឹកថ្ងៃអាទិត្យាសប្តាហ៍មុន នៅឯជំរុំមួយកន្លែងនៅភាគអាគ្នេយ៍នៃប្រទេសមីយ៉ាន់ម៉ា។
លោក Rahman បានគូសបញ្ជាក់ថា យ៉ាងហោចណាស់ជម្រកចំនួន ៧១១កន្លែង ត្រូវភ្លើងឆេះខ្ទេចទាំងស្រុង ហើយជម្រកចំនួន ៦៣កន្លែងទៀតបានរងការខូចខាតមួយផ្នែក។ លោក Rahman បន្ថែមថា យើងបានបញ្ជាឲ្យបើកការស៊ើបអង្កេតលើអគ្គិភ័យនេះ… ហើយយើងសង្ស័យថា មានការលួចដុត។
សូមរម្លឹកថា នៅខែមីនា ឆ្នាំ ២០២៣ ភ្លើងបានឆាបឆេះនៅជំរុំ Kutupalong ដែលជាកន្លែងតាំងទីលំនៅរបស់ជនភៀសខ្លួនដ៏ធំបំផុតមួយរបស់ពិភពលោក ដោយបានបំផ្លាញជម្រករហូតដល់ ២,០០០កន្លែង។ រីឯកាលពីពីរឆ្នាំមុន យ៉ាងហោចណាស់មានជនជាតិរ៉ូហ៊ីងយ៉ាចំនួន ១៥នាក់បានស្លាប់ ហើយជនភៀសខ្លួនប្រមាណ ៥០,០០០នាក់ផ្សេងទៀត បាត់បង់ផ្ទះសម្បែង បន្ទាប់ពីមានភ្លើងឆេះនៅក្នុងជំរុំតែមួយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


