ឯកឧត្តម វ៉ាត់ ចំរើន ៖ ទិវារំលឹកគុន ៧មករា រៀបចំឡើងដើម្បីអោយកូនខ្មែរ ជំនាន់ក្រោយ យល់ដឹងពីប្រវត្តសាស្ត្រដ៏ឈឺចាប់ រួមគ្នាការពារសន្តិភាព

កំពង់ធំ៖ ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក បានលើកឡើងថា ទិវារំលឹកគុន ថ្ងៃចងចាំជ័យជំនះ៧មករា រៀបចំឡើងដើម្បីអោយកូនខ្មែរជំនាន់ក្រោយយល់ដឹងពីប្រវត្តសាស្ត្រដ៏ឈឺចាប់នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាពដែលកម្ពុជាកំពុងមានសព្វថ្ងៃ ជាមួយរាជរដ្ឋាភិបាល។

ការថ្លែងលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាល អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (០៧.មករា.១៩៧៩-០៧.មករា.២០២៤) ជាមួយថ្នាក់ដឹកនាំស្រុកតាំងគោក ។

ឆ្លៀតឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន បានរំលេចនូវសារសំខាន់ៗ នៅក្នុងសន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ដល់ថ្នាក់ដឹកនាំភូមិ-ឃុំ និងស្រុក ពិសេសប្រជាពលរដ្ឋ ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិនឲ្យរបបនេះអាចត្រឡប់មកវិញបាន ។

ឯកឧត្តម ថា ដោយសារមានថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ទើបប្រជាជនកម្ពុជា មានជីវិតរួចផុតពីរបបប្រល័យពូជសាសន៍ មានសិទ្ធិសេរីភាពក្នុងការរស់នៅ ប្រកបរបរទទួលទានចិញ្ចឹមជីវផ្សេងៗ ទាំងជំនឿ សាសនា និងទទួលបាននូវលទ្ធិប្រជាធិបតេយ្យ ប្រជាជនក្លាយពីទាសករទៅជាអ្នកធ្វើជាម្ចាស់ក្នុងការចាត់ចែងជោគវាសនារបស់ខ្លួន និងមាតុភូមិខ្លួនដែលប្រែក្លាយពីវាលពិឃាតទៅជាទឹកដីស្រស់បំព្រងឡើងវិញ បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបាននូវសន្ដិភាពពេញលេញ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងបរិបទសង្គមប្រជាធិបតេយ្យ ។

តាមរយៈនេះ ឯកឧត្តម បានជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចាស់ៗ ដែលឆ្លាប់ឆ្លងកាត់របបដ៏ខ្មៅងងឹតនេះ ត្រូវឧស្សាហ៍រំឮកប្រាប់កូនចៅរបស់ខ្លួន អំពីរបបដែលមិនស្គាល់ឪពុក-ម្ដាយ ជំនួសដោយពាក្យ “សមមិត្ដ” គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន គ្មានសាសនា សាលារៀនបង្រៀនតែរឿងបដិវត្ដ ដើម្បីកុំឲ្យពួកគេភ្លេច ឬដើរទៅរកដានចាស់ ដូចក្រុមប្រឆាំងមួយមួយចំនួន ដែលភ្លេចកំណើត ហើយពោលពាក្យថា ៧មករា គឺជាការភូតកុហក ។ ដូច្នេះត្រូវរួមគ្នាសិក្សាស្វែងយល់ពីប្រវត្តិសាស្ដ្រដ៏ជូចត់របស់កម្ពុជា ហើយរួមគ្នាការពារនូវរាល់សមិទ្ធិផលនានា ដែលកើតចេញក្រោយថ្ងៃរំដោះ ៧មករា និងបន្ដរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងទៅថ្ងៃអនាគតបន្ដទៀត ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner