គណបក្សនាយករដ្ឋមន្រ្តីបង់ក្លាដែសឈ្នះឆ្នោតសាជាថ្មី បន្ទាប់ពីការបោះឆ្នោតសកលដោយគ្មានបក្សប្រឆាំង
ដាក្កា៖ គណបក្សរបស់នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានឈ្នះការបោះឆ្នោតសកលសាជាថ្មីទៀត សម្រាប់អាណត្តិទី៥ នៅថ្ងៃអាទិត្យសប្តាហ៍មុន។
អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រាប់ឱ្យដឹងនៅព្រឹកព្រលឹមថ្ងៃចន្ទនេះថា គណបក្ស Awami League ដែលកំពុងកាន់អំណាចរបស់លោកស្រី Hasina បានឈ្នះការបោះឆ្នោតសាជាថ្មីទៀត បន្ទាប់ពីការធ្វើពហិការ ដឹកនាំដោយបក្សប្រឆាំង BNP ដែលលោកស្រីដាក់ឈ្មោះថា ជា “អង្គការភេរវកម្ម”។
គណបក្សជាតិនិយមបង់ក្លាដែស (BNP) ស្ថិតក្នុងចំណោមគណបក្សជាច្រើនផ្សេងទៀត ដែលបានសម្រេចចិត្តមិនចូលរួមប្រកួត ក្នុងការបោះឆ្នោតសកល ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យសប្តាហ៍មុនឡើយ ក្រោមហេតុផលថា វាគឺជាការបោះឆ្នោតក្លែងក្លាយមួយ ដែលនឹងពុំមានលក្ខណៈសេរី ឬយុត្តិធម៌នោះទេ។ ក្រុមប្រឆាំងក៏បានអំពាវនាវឱ្យប្រជាជនបង់ក្លាដែសកុំទៅបោះឆ្នោតថែមទៀតផង។
ទោះបីជាយ៉ាងណា បន្ទាប់ពីការរាប់សន្លឹកឆ្នោតរួច លទ្ធផលចុងក្រោយ និងតួលេខពិតប្រាកដ នឹងត្រូវប្រកាសជាផ្លូវការនាពេលឆាប់ៗនេះ ខណៈដែលមន្រ្តីគណៈកម្មាធិការរៀបចំការបោះឆ្នោតនិយាយថា គណបក្សរបស់លោកស្រី Hasina បានឈ្នះភ្លូកទឹកភ្លូកដីប្រហែលបីភាគបួននៃអាសនៈនៅក្នុងសភា ឬយ៉ាងហោចណាស់ ២២០អាសនៈ ក្នុងចំនួនសរុប ៣០០អាសនៈ។
សូមជម្រាបថា លោកស្រី Hasina ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីបង់ក្លាដែសជាលើកដំបូងក្នុងឆ្នាំ១៩៩៦ និងជាប់ឆ្នោតម្ដងទៀតក្នុងឆ្នាំ២០០៩ ហើយបានបន្តកាន់អំណាចមកទល់នឹងសព្វថ្ងៃ។ ជ័យជម្នះកាលពីថ្ងៃអាទិត្យធ្វើឱ្យលោកស្រីជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ៤អាណត្តិជាប់ៗគ្នា ហើយវាក៏ជាអាណត្តិទី៥ សម្រាប់លោកស្រី Hasina ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

