រដ្ឋបាលខេត្តរតនគិរីប្រារព្ធមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧.មករា.១៩៧៩-០៧.មករា.២០២៤។)

រតនគិរី៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តរតនគិរី បានរៀបចំប្រារព្ធមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧.មករា.១៩៧៩-០៧.មករា.២០២៤ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ។ ព្រមទាំងមានការ អញ្ជើញ ចូលរួមពីសំណាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនស្រលាញ់សន្តិភាព យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ និងប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៤ នៃក្រុងបានលុង សរុបប្រមាណជិត ២០០០នាក់ ។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានអានសុន្ទរកថា សម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជា ណា ចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីន្ទីញរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧.មករា.១៩៧៩-០៧.មករា.២០២៤ ដោយសុន្ទរកថា បាន លើកឡើងថា ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជន កម្ពុជា លើបនប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹត របស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិប តេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាង ច្បាស់ ថា “បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់ នៅថ្ងៃនេះ “។

សុន្ទរកថាបានបន្តថា លើមូលដ្ឋាននៃការពង្រីកជ័យជំនះ ៧ មករា ឆ្ពោះទៅមុខ ឥត ឈប់ឈរ សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជាតំណាងស្របច្បាប់តែមួយគត់ របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួ៤គឺ៖ ទី១- បានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបនេះមិនឲ្យវិលត្រឡប់មកកម្ពជាជាលើក ទី២។ ទី២- បាននាំ មកជូនប្រជាជន វិញ នូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវ បានបន ប៉ុល ពត កំចាត់បង់ក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃរបស់ពួកវាទៅហើយ។ ទី៣- បានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗ តាំងពីពេលនោះមក។ ទី៤- បានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។

៧ មករា ឆ្នាំ១៩៧៩ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំជា់”ទិវាបុណ្យ” ព្រមទាំងអនុញ្ញាតិឲ្យមន្ត្រីរាជការ និយោជិត កម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សំរាកចំនួន១ថ្ងៃ ក្នុងឱកាស ទិវាបុណ្យនេះ។ ៧ មករា គឺជារបស់ប្រជាជនកម្ពុជាទាំងមូល។

៧ មករា មានសត្រូវតែមួយគត់ គឺបនប្រល័យពូជសាសន៍ ប៉ុល ពត។ អ្នកប្រឆាំង នឹង៧ មករាគឺជាបក្ខពួករបស់ប៉ុល ពត ឬក៏យ៉ាងហោចណាស់ ពួកគេប្រឆាំង៧ មករា ដើម្បីផលប្រយោជន៍ខាងនយោបាយរបស់គណបក្សផងគេ នៅក្នុងពេល បោះឆ្នោតម្តងៗ។ សរុបមក៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬបំផ្លាញបានឡើយ ៕

ដោយ ៖ គតិ យុត្ត

ads banner