អាកាសយានដ្ឋាន Haneda របស់ជប៉ុន បើកដំណើរការឡើងវិញ ក្រោយយន្តហោះបុកគ្នា
តូក្យូ៖ មន្រ្តីនិយាយថា នៅថ្ងៃចន្ទនេះ ប្រតិបត្តិការហោះហើរនៅឯអាកាសយានដ្ឋានហាណេដា ទីក្រុងតូក្យូ បានវិលមករកភាពប្រក្រតីវិញ ពោលគឺ៦ថ្ងៃបន្ទាប់ពីយន្តហោះ ២គ្រឿងបុកគ្នាឆេះ បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់។
មនុស្សចំនួន ៣៧៩នាក់នៅលើយន្តហោះ Airbus A350 របស់ក្រុមហ៊ុន Japan Airlines ត្រូវបានជម្លៀសដោយសុវត្ថិភាព បន្ទាប់ពីយន្តហោះនេះបុកយន្តហោះល្បាតសមុទ្រ De Havilland Dash-8 របស់ឆ្មាំសមុទ្រជប៉ុន ដោយបានសម្លាប់ពីឡុត ៥នាក់ក្នុងចំណោម ៦នាក់នៅលើយន្ដហោះល្បាតសមុទ្រនេះ។ ទន្ទឹមគ្នា ក្រុមអ្នកស៊ើបអង្កេតជប៉ុន រួមជាមួយក្រុមការងារមកពីប្រទេសបារាំង អង់គ្លេស និងកាណាដា កំពុងស៊ើបអង្កេតគ្រោះថ្នាក់នេះ។
ផ្លូវយន្តហោះរត់នៅឯអាកាសយានដ្ឋាន ហាណេដា ទីក្រុងតូក្យូ ដែលផ្លូវមួយក្នុងចំណោមបួន បានបិទចាប់តាំងពីកើតមានគ្រោះថ្នាក់ខាងលើនេះ ដែលនាំឱ្យមានការលុបចោលជើងហោះហើរក្នុងស្រុករាប់រយជើង នៅឯអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ អ្នកនាំពាក្យអាកាសយានដ្ឋាន ហាណេដា ទីក្រុងតូក្យូ និយាយថា Runway C បានដំណើរការឡើងវិញហើយ នៅថ្ងៃចន្ទនេះ ដូច្នេះអាកាសយានដ្ឋានទាំងមូល អាចបើកដំណើរការធម្មតាឡើងវិញបានហើយ។
គួរបញ្ជាក់ថា ហាណេដា គឺជាអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋាន ដែលមានសកម្មភាពហោះហើរដ៏មមាញឹកបំផុតរបស់ប្រទេសជប៉ុន និងជាមជ្ឈមណ្ឌលហោះហើរធំទីពីររបស់ទីក្រុងតូក្យូ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិណារីតា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



