សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ « ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ » ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
កោះកុង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ « ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ » ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤ មុនអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយ: ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងលោកជំទាវ ដោយបានចំណាយអស់ទឹកប្រាក់ចំនួន ១,៣៨៧,០០០ដុល្លារ ដើម្បីសម្រួលចរាចរណ៍ឱ្យបងប្អូនប្រ ជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍បានធ្វើដំណើរបន្ទាប់ពីស្ពានបេឡេ ដែលឆ្លងកាត់ព្រែកកោះយ៉នេះ មានសភាពចាស់ទ្រុឌទ្រោម ។
ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ មានប្រវែង ១២៦ម៉ែត្រ និងទទឹង ១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែមិថុនា ២០២៣ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ








