ឥណ្ឌូនេស៊ីស្ទាក់ចាប់រថយន្តដឹកឆ្កែ ២២៦ក្បាលទៅសម្លាប់យកសាច់លក់
ហ្សារកាតា៖ ប៉ូលិសឥណ្ឌូនេស៊ីបានស្ទាក់ចាប់រថយន្តដឹកឆ្កែជាង ២០០ក្បាល នៅឯទីតាំងសត្តឃាតមួយកន្លែង ដែលនេះជាជោគជ័យចុងក្រោយបង្អស់ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការជួញដូរសាច់ឆ្កែ។
អាជ្ញាធរឥណ្ឌូនេស៊ីស្ទាក់ចាប់រថយន្តដឹកឆ្កែជាង ២០០ក្បាលមួយគ្រឿងកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន នៅក្នុងទីក្រុងស៊ីម៉ារាំង លើកោះជ្វា ដោយមនុស្ស ៥នាក់ត្រូវចាប់ខ្លួន ពីបទបំពានបទប្បញ្ញត្តិសុខុមាលភាពសត្វ ហើយអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។
មេប៉ូលិសក្នុងតំបន់ លោក អ៊ីវ៉ាន់ អាន់វ៉ា បានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃសៅរ៍ថា យើងទទួលបានព័ត៌មាននេះកាលពីខែមុន ប៉ុន្តែមានតែយប់នេះទេ ដែលយើងអាចរារាំងការដឹកជញ្ជូនឆ្កែចំនួន ២២៦ក្បាលយកទៅសម្លាប់។
យោងតាមការស៊ើបអង្កេតបឋមរបស់នាយកដ្ឋានប៉ូលិសឥណ្ឌូនេស៊ី សត្វឆ្កែទាំងនេះគេគ្រោងដឹកទៅកាន់ទីក្រុងជិតខាងនៃទីក្រុងស៊ូរ៉ាកាតា ជាកន្លែងដែលពួកវានឹងត្រូវសម្លាប់ ដើម្បីយកសាច់លក់សម្រាប់បរិភោគនៅភាគខាងលិចកោះជ្វា។
ឥណ្ឌូនេស៊ី គឺជាប្រទេសមួយដែលនៅតែអនុញ្ញាតឱ្យលក់សាច់ឆ្កែ និងឆ្មា ប៉ុន្តែយុទ្ធនាការប្រឆាំងនឹងការជួញដូរនេះ កំពុងទទួលបានការគាំទ្រ ខណៈដែលទីក្រុងមួយចំនួន រួមទាំងទីក្រុងស៊ីម៉ារាំង បានដាក់បម្រាមក្នុងស្រុក លើការធ្វើពាណិជ្ជកម្មក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ចំណែកកាលពីឆ្នាំមុន ទីផ្សារសត្វឥណ្ឌូនេស៊ីដ៏ល្បីល្បាញមួយនៅកោះស៊ូឡាវេស៊ី បានបញ្ចប់ការលក់សាច់ឆ្កែ និងឆ្មា ក្រោយមានសម្ពាធពីសកម្មជនជាច្រើនឆ្នាំ ដើម្បីបញ្ឈប់ការជួញដូរ និងការសម្លាប់សត្វដ៏ឃោរឃៅ៕ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា