ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៤៖ ព្រះមហាក្សត្រសព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិតសម្រាប់ទិវាបុណ្យនេះចំនួន ២៤៥នាក់

ភ្នំពេញ៖ ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ឆ្នាំ២០២៤ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិតសម្រាប់ទិវាបុណ្យនេះ សរុបចំនួន ២៤៥ នាក់ (ស្រី ២៨ នាក់)។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា ទណ្ឌិតបន្ធូរបន្ថយទោសចំនួន ២៤៥ នាក់ ក្នុងនោះ៖
•បន្ថយទោសរយៈពេល ៣ ខែ ចំនួន ១៧៨ នាក់ (ស្រី ១៨ នាក់)
•បន្ថយទោសរយៈពេល ៦ ខែ ចំនួន ៥៧ នាក់ (ស្រី ០៩នាក់)
•បន្ថយទោសរយៈពេល ៩ ខែ ចំនួន ០៨ នាក់ (ស្រី ០១ នាក់)
•បន្ថយទោសរយៈពេល ១២ ខែ ចំនួន ០១ នាក់ (ស្រី ០០ នាក់)
•បន្ថយទោសមួយជីវិតមកនៅត្រឹម ៣០ឆ្នាំ  ចំនួន ០១ នាក់ (ស្រី ០០ នាក់)
•លើកលែងទោស៖ គ្មាន ។

ជាមួយគ្នានេះ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ជាថ្មីថា គណៈកម្មការជាតិពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖
១៖ ចំពោះបទល្មើសទូទៅ

  • ឧក្រិដ្ឋជនគ្រឿងញៀន
  • អំពើសាហាវយង់ឃ្នង
  • ករណីមិនរាងចាល
  • ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
  • ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
  • ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ
    ២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ
  • ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ
  • ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ
  • ជនរងគ្រោះជាសាច់សាលោហិត
  • ករណីរំលោភបូក
  • ករណីប៉ុនប៉ង ឬបៀតបៀនកេរ្តិ៍ខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕
    ដោយ៖ពលជ័យ
ads banner